17 ដូច្នេះ សូមជំរាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសំរេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ និងពួកគ្រួលោកទាំងអស់គ្នាហើយ ពីព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ។
18 នោះនាងក៏ប្រញឹកប្រញាប់ ចាត់ចែងនំបុ័ង២០០ដុំ ថង់ស្បែកពេញដោយស្រាទំពាំងបាយជូរ២ ចៀមរៀបជាស្រេច៥ លាជ៥រង្វាល់ ផ្លែទំពាំងបាយជូរក្រៀម១០០ចង្កោម និងផ្លែល្វាក្រៀម២០០ផែន ផ្ទុកលើសត្វលានាំទៅ
19 នាងក៏ប្រាប់ដល់ពួកបំរើរបស់នាងថា ចូរចេញទៅមុនអញចុះ អញនឹងទៅតាមក្រោយ តែនាងមិនបានប្រាប់ដល់ណាបាល ជាប្ដីនាងឡើយ
20 កាលនាងកំពុងតែជិះលាចុះតាមផ្លូវច្រកភ្នំទៅ នោះគាប់ជួនជាដាវីឌ និងពួកលោកក៏ចុះដំរង់មកខាងមុខនាង ហើយនាងក៏ទៅជួបនឹងគេ
21 រីឯដាវីឌលោកបានគិតថា ដែលអញបានថែរក្សាទ្រព្យរបស់ទាំងប៉ុន្មាននៃមនុស្សនោះ ឲ្យគង់វង្សនៅទីរហោស្ថាន ឥតមានបាត់អ្វីណាមួយឡើយ នោះពិតប្រាកដជាឥតប្រយោជន៍សោះ វាបានប្រព្រឹត្តការអាក្រក់ស្នងនឹងការល្អដល់អញវិញ
22 ដូច្នេះ បើខ្ញុំទុកឲ្យសល់អ្នកណាក្នុងពួកវា សូម្បីតែកូនប្រុស១ក្តី ឲ្យរស់នៅដរាបដល់ស្រាងឡើង នោះសូមឲ្យព្រះធ្វើដូច្នោះដល់ដាវីឌខ្ញុំនេះចុះ ហើយលើសទៅទៀតផង។
23 កាលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ