១ សាំយូអែល 25:19-25 KHOV

19 នាង​ក៏​ប្រាប់​ដល់​ពួក​បំរើ​របស់​នាង​ថា ចូរ​ចេញ​ទៅ​មុន​អញ​ចុះ អញ​នឹង​ទៅ​តាម​ក្រោយ តែ​នាង​មិន​បាន​ប្រាប់​ដល់​ណាបាល ជា​ប្ដី​នាង​ឡើយ

20 កាល​នាង​កំពុង​តែ​ជិះ​លា​ចុះ​តាម​ផ្លូវ​ច្រក​ភ្នំ​ទៅ នោះ​គាប់​ជួន​ជា​ដាវីឌ និង​ពួក​លោក​ក៏​ចុះ​ដំរង់​មក​ខាង​មុខ​នាង ហើយ​នាង​ក៏​ទៅ​ជួប​នឹង​គេ

21 រីឯ​ដាវីឌ​លោក​បាន​គិត​ថា ដែល​អញ​បាន​ថែ​រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​នៃ​មនុស្ស​នោះ ឲ្យ​គង់‌វង្ស​នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​អញ​វិញ

22 ដូច្នេះ បើ​ខ្ញុំ​ទុក​ឲ្យ​សល់​អ្នក​ណា​ក្នុង​ពួក​វា សូម្បី​តែ​កូន​ប្រុស​១​ក្តី ឲ្យ​រស់​នៅ​ដរាប​ដល់​ស្រាង​ឡើង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដូច្នោះ​ដល់​ដាវីឌ​ខ្ញុំ​នេះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង។

23 កាល​អ័ប៊ី‌កែល​បាន​ឃើញ​ដាវីឌ នោះ​នាង​ក៏​ចុះ​ពី​លើ​លា​ជា​ប្រញាប់ ទៅ​ក្រាប​ផ្កាប់​មុខ​ចុះ​នឹង​ដី គោរព​ដល់​ដាវីឌ

24 នាង​ទំលាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជំរាប​ថា ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ជំរាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​បាវ​ស្រី​លោក​សិន

25 កុំ​ឲ្យ​លោក​ម្ចាស់​តាំង​ចិត្ត​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ​ឡើយ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណាបាល ហើយ​ក៏​មាន​សេចក្តី​ចំកួត​នោះ​ឯង ឯ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ខ្ញុំ​ឥត​បាន​ឃើញ​ពួក​កំឡោះ​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ