១ សាំយូអែល 25:23-29 KHOV

23 កាល​អ័ប៊ី‌កែល​បាន​ឃើញ​ដាវីឌ នោះ​នាង​ក៏​ចុះ​ពី​លើ​លា​ជា​ប្រញាប់ ទៅ​ក្រាប​ផ្កាប់​មុខ​ចុះ​នឹង​ដី គោរព​ដល់​ដាវីឌ

24 នាង​ទំលាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជំរាប​ថា ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ជំរាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​បាវ​ស្រី​លោក​សិន

25 កុំ​ឲ្យ​លោក​ម្ចាស់​តាំង​ចិត្ត​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ​ឡើយ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណាបាល ហើយ​ក៏​មាន​សេចក្តី​ចំកួត​នោះ​ឯង ឯ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ខ្ញុំ​ឥត​បាន​ឃើញ​ពួក​កំឡោះ​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ

26 ដូច្នេះ ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​រក​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណាបាល​នោះ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃាត់​លោក​មិន​ឲ្យ​កំចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ

27 រីឯ​ជំនូន​នេះ​ដែល​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​របស់​លោក បាន​នាំ​យក​មក​ជូន នោះ​សូម​ចែក​ឲ្យ​ដល់​ពួក​កំឡោះ ដែល​តាម​លោក​ម្ចាស់​នៃ​ខ្ញុំ​មក​នោះ​ចុះ

28 សូម​អត់​ទោស​សេចក្តី​រំលង​នេះ​ដល់​បាវ​ស្រី​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ពី​ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្តី​អាក្រក់​ណា នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​១​ជីវិត​របស់​លោក

29 មួយ​ទៀត ទោះ​បើ​មាន​មនុស្ស​លើក​ដេញ តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏​ដោយ គង់​តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ ឯ​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​នៃ​លោក​នឹង​ត្រូវ​បាត់​ទៅ ដូច​ជា​បាញ់​ចេញ​ពី​ខ្សែ​ដង្ហក់​វិញ