១ សាំយូអែល 25:36-42 KHOV

36 រីឯ​អ័ប៊ី‌កែល នាង​ក៏​វិល​ទៅ​ឯ​ណាបាល ជា​ប្ដី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង‌លោម​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​លៀង‌លោម​នៃ​ស្តេច ឯ​ណាបាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង

37 លុះ​ព្រឹក​ឡើង គ្រា​ដែល​ណាបាល​ស្វាង​ពី​ស្រា​ហើយ នោះ​ប្រពន្ធ​ក៏​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នោះ រួច​គាត់​ត្រូវ​គាំង​បេះ‌ដូង ហើយ​ត្រឡប់​ជា​រឹង​ស្តូក​ទៅ

38 លុះ​ក្រោយ​មក​បាន​ប្រហែល​ជា​១០​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​ណាបាល​ឲ្យ​ស្លាប់​ទៅ។

39 កាល​ដាវីឌ​បាន​ឮ​ថា ណាបាល​ស្លាប់​ហើយ នោះ​លោក​មាន​ប្រសាសន៍​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​កាន់​ក្តី​ខាង​ខ្ញុំ ពី​ដំណើរ​ដែល​ណាបាល​បាន​ដៀល‌ត្មះ​ដល់​ខ្ញុំ​នោះ ព្រម​ទាំង​ឃាត់​ខ្ញុំ ជា​អ្នក​បំរើ​ទ្រង់ មិន​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់ តែ​កិរិយា​អាក្រក់​របស់​ណាបាល នោះ​ទ្រង់​បាន​ទំលាក់​ទៅ​លើ​ក្បាល​វា​វិញ រួច​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​ការ​នឹង​អ័ប៊ី‌កែល ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ

40 កាល​ពួក​បំរើ​របស់​ដាវីឌ​បាន​មក​ឯ​អ័ប៊ី‌កែល នៅ​កើមែល​ហើយ នោះ​ក៏​ជំរាប​នាង​ថា ដាវីឌ​បាន​ចាត់​យើង​ខ្ញុំ ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក

41 នោះ​នាង​ក៏​ក្រោក​ឡើង រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី​តប​ថា ខ្ញុំ​នេះ​ជា​អ្នក​បំរើ សំរាប់​នឹង​លាង​ជើង ដល់​ពួក​អ្នក​បំរើ​របស់​លោក​ម្ចាស់​ខ្ញុំ

42 អ័ប៊ី‌កែល​ក៏​ប្រញាប់‌ប្រញាល់​ឡើង​ជិះ​លា​ទៅ មាន​ទាំង​ស្រី​បំរើ​៥​នាក់​តាម​ទៅ​ដែរ នាង​ក៏​តាម​ពួក​អ្នក​បំរើ​របស់​ដាវីឌ ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ។