37 លុះព្រឹកឡើង គ្រាដែលណាបាលស្វាងពីស្រាហើយ នោះប្រពន្ធក៏ថ្លែងប្រាប់ពីសេចក្តីទាំងនោះ រួចគាត់ត្រូវគាំងបេះដូង ហើយត្រឡប់ជារឹងស្តូកទៅ
38 លុះក្រោយមកបានប្រហែលជា១០ថ្ងៃ នោះព្រះយេហូវ៉ាទ្រង់វាយណាបាលឲ្យស្លាប់ទៅ។
39 កាលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបំរើទ្រង់ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល នោះទ្រង់បានទំលាក់ទៅលើក្បាលវាវិញ រួចដាវីឌចាត់គេឲ្យទៅស្នើការនឹងអ័ប៊ីកែល ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ
40 កាលពួកបំរើរបស់ដាវីឌបានមកឯអ័ប៊ីកែល នៅកើមែលហើយ នោះក៏ជំរាបនាងថា ដាវីឌបានចាត់យើងខ្ញុំ ឲ្យមកអញ្ជើញអ្នកទៅធ្វើជាប្រពន្ធលោក
41 នោះនាងក៏ក្រោកឡើង រួចក្រាបផ្កាប់មុខនឹងដីតបថា ខ្ញុំនេះជាអ្នកបំរើ សំរាប់នឹងលាងជើង ដល់ពួកអ្នកបំរើរបស់លោកម្ចាស់ខ្ញុំ
42 អ័ប៊ីកែលក៏ប្រញាប់ប្រញាល់ឡើងជិះលាទៅ មានទាំងស្រីបំរើ៥នាក់តាមទៅដែរ នាងក៏តាមពួកអ្នកបំរើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធលោកទៅ។
43 ឯដាវីឌ លោកក៏យកអ័ហ៊ីណោម ជាអ្នកនៅស្រុកយេសរាល ធ្វើជាប្រពន្ធដែរ នាងទាំង២នោះបានធ្វើជាប្រពន្ធរបស់លោក