១ សាំយូអែល 25:39-44 KHOV

39 កាល​ដាវីឌ​បាន​ឮ​ថា ណាបាល​ស្លាប់​ហើយ នោះ​លោក​មាន​ប្រសាសន៍​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​កាន់​ក្តី​ខាង​ខ្ញុំ ពី​ដំណើរ​ដែល​ណាបាល​បាន​ដៀល‌ត្មះ​ដល់​ខ្ញុំ​នោះ ព្រម​ទាំង​ឃាត់​ខ្ញុំ ជា​អ្នក​បំរើ​ទ្រង់ មិន​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់ តែ​កិរិយា​អាក្រក់​របស់​ណាបាល នោះ​ទ្រង់​បាន​ទំលាក់​ទៅ​លើ​ក្បាល​វា​វិញ រួច​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​ការ​នឹង​អ័ប៊ី‌កែល ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ

40 កាល​ពួក​បំរើ​របស់​ដាវីឌ​បាន​មក​ឯ​អ័ប៊ី‌កែល នៅ​កើមែល​ហើយ នោះ​ក៏​ជំរាប​នាង​ថា ដាវីឌ​បាន​ចាត់​យើង​ខ្ញុំ ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក

41 នោះ​នាង​ក៏​ក្រោក​ឡើង រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី​តប​ថា ខ្ញុំ​នេះ​ជា​អ្នក​បំរើ សំរាប់​នឹង​លាង​ជើង ដល់​ពួក​អ្នក​បំរើ​របស់​លោក​ម្ចាស់​ខ្ញុំ

42 អ័ប៊ី‌កែល​ក៏​ប្រញាប់‌ប្រញាល់​ឡើង​ជិះ​លា​ទៅ មាន​ទាំង​ស្រី​បំរើ​៥​នាក់​តាម​ទៅ​ដែរ នាង​ក៏​តាម​ពួក​អ្នក​បំរើ​របស់​ដាវីឌ ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ។

43 ឯ​ដាវីឌ លោក​ក៏​យក​អ័ហ៊ី‌ណោម ជា​អ្នក​នៅ​ស្រុក​យេស‌រាល ធ្វើ​ជា​ប្រពន្ធ​ដែរ នាង​ទាំង​២​នោះ​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​លោក

44 ចំណែក​នាង​មីកែល ប្រពន្ធ​របស់​ដាវីឌ នោះ​សូល ជា​បិតា​ទ្រង់ បាន​លើក​ឲ្យ​ទៅ​ប៉ាលធី ជា​កូន​ឡាអ៊ីស ដែល​នៅ​កាលីម​វិញ។