១ សាំយូអែល 26:12-18 KHOV

12 យ៉ាង​នោះ​ដាវីឌ​ក៏​យក​លំពែង និង​ក្អម​ទឹក​ពី​ត្រង់​ក្បាល​ដំណេក​របស់​សូល​ចេញ​បាត់​ទៅ ឥត​មាន​អ្នក​ណា​ឃើញ ឬ​ដឹង​ឡើយ ក៏​គ្មាន​អ្នក​ណា​ភ្ញាក់​ផង ដោយ​គ្រប់​គ្នា​កំពុង​តែ​ដេក​លក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​លក់​ស៊ប់។

13 ដាវីឌ​ក៏​ត្រឡប់​ទៅ​ឯ​ខាង​ខ្លួន​វិញ ហើយ​ឈរ​លើ​កំពូល​ភ្នំ​ពី​ចំងាយ មាន​ប្រឡោះ​ធំ​នៅ​ជា​កណ្តាល

14 រួច​ស្រែក​ដាស់​ពួក​បណ្តា​ទ័ព និង​អ័ប៊ី‌នើរ ជា​កូន​នើរ​ថា នែ អ័ប៊ី‌នើរ​មិន​ឆ្លើយ​ទេ​ឬ នោះ​អ័ប៊ី‌នើរ​ឆ្លើយ​ឡើង​ថា តើ​អ្នក​ណា​ដែល​ស្រែក​ហៅ​ស្តេច​នោះ

15 ដាវីឌ​ឆ្លើយ​តប​ទៅ​អ័ប៊ី‌នើរ​ថា តើ​ឯង​មិន​មែន​ជា​មនុស្ស​ទេ​ឬ​អី តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ដូច​ជា​ឯង​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​រក្សា​ស្តេច ជា​ចៅ‌ហ្វាយ​នៃ​ឯង ដ្បិត​មាន​មនុស្ស​ម្នាក់​បាន​ចូល​មក ចង់​បំផ្លាញ​ស្តេច ជា​ចៅ‌ហ្វាយ​នៃ​ឯង​ចោល

16 ឯង​ធ្វើ​យ៉ាង​ដូច្នេះ​មិន​ល្អ​ទេ អញ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ឯង​គួរ​ស្លាប់​ហើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​ចៅ‌ហ្វាយ​របស់​ខ្លួន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ឥឡូវ​នេះ ចូរ​ឯង​មើល​លំពែង​របស់​ស្តេច និង​ក្អម​ទឹក ដែល​បាន​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ នោះ​តើ​នៅ​ឯ​ណា។

17 រីឯ​សូល​ទ្រង់​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ នេះ​ជា​សំឡេង​ទូល‌បង្គំ​មែន​ហើយ

18 រួច​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដេញ​តាម​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​ដូច្នេះ តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី ឬ​មាន​ទោស​យ៉ាង​ណា