១ សាំយូអែល 26:19-25 KHOV

19 ដូច្នេះ សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ព្រះ‌សណ្តាប់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​បន្តិច បើ​សិន​ជា​គឺ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូល‌បង្គំ នោះ​សូម​ឲ្យ​ទ្រង់​ទទួល​ដង្វាយ​១​ចុះ តែ​បើ​គឺ​ជា​ពួក​មនុស្ស​ជាតិ​វិញ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្តាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូល‌បង្គំ មិន​ឲ្យ​មាន​ចំណែក​មរដក​ផង​ព្រះ‌យេហូវ៉ា​ទេ​ដោយ​ថា ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ

20 ដូច្នេះ សូម​កុំ​ឲ្យ​ឈាម​ទូល‌បង្គំ​បាន​ស្រក់​ចុះ​ទៅ​ដី ឃ្លាត​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​មក ដើម្បី​រក​តែ​ចៃ​ទេ ដូច​ជា​កាល​គេ​ដេញ​តាម​ក្រួច​នៅ​លើ​ភ្នំ​ដែរ។

21 នោះ​សូល​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ធ្វើ​បាប​ហើយ​ដាវីឌ កូន​អើយ ចូរ​មក​វិញ​ចុះ អញ​លែង​ធ្វើ​បាប​ឯង​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ជីវិត​អញ​បាន​ថ្លៃ​វិសេស នៅ​ភ្នែក​ឯង មើល អញ​បាន​ប្រព្រឹត្ត​ដោយ​សេចក្តី​ចំកួត ហើយ​ធ្វើ​ខុស​ជា​ខ្លាំង​ណាស់

22 ដាវីឌ​ទូល​ឆ្លើយ​ថា មើល​នែ នេះ​លំពែង​របស់​ទ្រង់ សូម​ឲ្យ​ពួក​ទ្រង់​ម្នាក់​មក​យក​ទៅ​វិញ​ចុះ

23 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​សេចក្តី​សុចរិត និង​សេចក្តី​ស្មោះ‌ត្រង់​របស់​គេ​រៀង​ខ្លួន ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ព្រះ‌ករុណា មក​ក្នុង​កណ្តាប់​ដៃ​ទូល‌បង្គំ​ហើយ តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ

24 ហើយ​ដែល​ព្រះ‌ជន្ម​នៃ​ព្រះ‌ករុណា បាន​ថ្លៃ​វិសេស​នៅ​ភ្នែក​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​យ៉ាង​ណា នោះ​សូម​ឲ្យ​ជីវិត​ទូល‌បង្គំ​បាន​ថ្លៃ​វិសេស​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​មេត្តា​ប្រោស ឲ្យ​ទូល‌បង្គំ​រួច​ចាក​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ផង

25 នោះ​សូល​មាន​ព្រះ‌បន្ទូល​ថា ដាវីឌ​កូន​អើយ សូម​ព្រះ​ទ្រង់​ប្រទាន​ពរ​ដល់​ឯង​ចុះ ឯង​នឹង​បាន​ធ្វើ​ការ​យ៉ាង​ពូកែ ហើយ​មាន​ជ័យ‌ជំនះ​ផង រួច​ដាវីឌ​ក៏​ចេញ​បាត់​ទៅ ហើយ​សូល​ទ្រង់​ត្រឡប់​វិល​ទៅ​ឯ​កន្លែង​របស់​ទ្រង់​វិញ។