១ សាំយូអែល 26:2-8 KHOV

2 នោះ​សូល​ទ្រង់​ក៏​រៀប‌ចំ​យាង​ចុះ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល​៣​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ ក្នុង​ទី​រហោ‌ស្ថាន​នោះ

3 ទ្រង់​បោះ​ទ័ព​ក្បែរ​ផ្លូវ នៅ​លើ​ភ្នំ​ហាគីឡា​ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន ឯ​ដាវីឌ លោក​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឯង ក៏​ឮ​ថា សូល​តាម​លោក​មក​ដូច្នោះ

4 នោះ​លោក​ចាត់​គេ​ឲ្យ​ទៅ​ឈ្លប‌លប​មើល ក៏​ដឹង​ពិត​ថា សូល​បាន​យាង​មក​ហើយ

5 ដូច្នេះ ដាវីឌ​រៀប‌ចំ​ចេញ​ទៅ​ឯ​កន្លែង​ដែល​សូល និង​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ទ្រង់​បាន​ដេក​នៅ ឯ​សូល​ទ្រង់​ផ្ទំ​នៅ​កណ្តាល​វង់​ទី​បោះ​ទ័ព ហើយ​បណ្តា​ទ័ព គេ​ដេក​នៅ​ព័ទ្ធ​ជុំវិញ។

6 នោះ​ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ា‌លេក ជា​សាសន៍​ហេត និង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ឯ​សូល​ក្នុង​ទី​បោះ​ទ័ព​ជា​មួយ​នឹង​ខ្ញុំ អ័ប៊ី‌សាយ​ឆ្លើយ​ថា ខ្ញុំ​នេះ​នឹង​ចុះ​ទៅ

7 ដូច្នេះ ដាវីឌ និង​អ័ប៊ី‌សាយ​ក៏​ចូល​ទៅ​ក្នុង​បណ្តា​ទ័ព​ទាំង​យប់ ឃើញ​សូល​កំពុង​ផ្ទំ​លក់​នៅ​ក្នុង​វង់​ទី​បោះ​ទ័ព មាន​លំពែង​របស់​ទ្រង់​ដោត​នៅ​ដី​ត្រង់​ក្បាល​ដំណេក ឯ​អ័ប៊ី‌នើរ និង​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន គេ​ដេក​ព័ទ្ធ​ជុំវិញ​ទ្រង់

8 នោះ​អ័ប៊ី‌សាយ​ជំរាប​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ព្រះ​ទ្រង់​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​លោក​ហើយ ដូច្នេះ សូម​បើក​ឲ្យ​ខ្ញុំ​ចាក់​នឹង​លំពែង​ឲ្យ​ធ្លុះ​ដល់​ដី​តែ​១​ដង​ទៅ ដើម្បី​កុំ​ឲ្យ​អំពល់​ទៅ​មុខ​ទៀត