5 ដូច្នេះ ដាវីឌរៀបចំចេញទៅឯកន្លែងដែលសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពទ្រង់បានដេកនៅ ឯសូលទ្រង់ផ្ទំនៅកណ្តាលវង់ទីបោះទ័ព ហើយបណ្តាទ័ព គេដេកនៅព័ទ្ធជុំវិញ។
6 នោះដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា តើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ពជាមួយនឹងខ្ញុំ អ័ប៊ីសាយឆ្លើយថា ខ្ញុំនេះនឹងចុះទៅ
7 ដូច្នេះ ដាវីឌ និងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្តាទ័ពទាំងយប់ ឃើញសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ និងបណ្តាទ័ពទាំងប៉ុន្មាន គេដេកព័ទ្ធជុំវិញទ្រង់
8 នោះអ័ប៊ីសាយជំរាបដាវីឌថា នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត
9 តែដាវីឌឃាត់ថា កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ
10 ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចំបាំងណាមួយជាមិនខាន
11 សូមឲ្យព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើង ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ និងក្អមទឹកប៉ុណ្ណោះ រួចយើងទៅវិញចុះ