5 ឯដាវីឌ លោកទូលនឹងអ័គីសថា បើទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខែត្ររបស់ទ្រង់ ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំ ជាបាវទ្រង់ បាននៅក្នុងទីក្រុងធំរបស់ស្តេច ជាមួយនឹងទ្រង់ទេ
6 នៅថ្ងៃនោះឯង អ័គីសក៏ប្រទានក្រុងស៊ីកឡាក់ឲ្យដល់ដាវីឌ ព្រោះហេតុនោះបានជាក្រុងស៊ីកឡាក់ ក៏នៅជារបស់ផងពួកស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ
7 ដាវីឌក៏អាស្រ័យនៅក្នុងស្រុកភីលីស្ទីនអស់១ឆ្នាំ៤ខែ។
8 នៅគ្រានោះដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាលេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុក តាំងតែពីដើមរៀងមក គេនៅតាមផ្លូវ ដែលទៅឯស្រុកស៊ើររហូតដល់ស្រុកអេស៊ីព្ទ
9 ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសំលៀកបំពាក់របស់គេ រួចនាំគ្នាត្រឡប់មកឯអ័គីសវិញ
10 អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា និងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន
11 ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកឯក្រុងកាថទេ ដោយថា ខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ