១ សាំយូអែល 28:13-19 KHOV

13 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី រួច​ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ​ឡើង​ពី​ដី​មក

14 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា តើ​មាន​ភាព​យ៉ាង​ដូច​ម្តេច គាត់​ឆ្លើយ​ថា មាន​ភាព​ជា​មនុស្ស​ចាស់​គ្រលុំ​ដោយ​អាវ​ដែល​ឡើង​មក នោះ​សូល​ទ្រង់​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។

15 ឯ​សាំយូ‌អែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូល‌បង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូល‌បង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​លោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា

16 នោះ​សាំយូ‌អែល​ឆ្លើយ​ថា បើ​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូល‌បង្គំ​វិញ​ដូច្នេះ

17 ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​ទ្រង់ តាម​សេចក្តី​ទំនាយ ដែល​ទាយ​ដោយ‌សារ​ទូល‌បង្គំ​ហើយ គឺ​បាន​ដក​រាជ្យ​ពី​ព្រះ‌ហស្ត​ទ្រង់​ចេញ​ប្រគល់​ឲ្យ​ដល់​អ្នក​ដទៃ​ម្នាក់ គឺ​ដាវីឌ

18 ពី​ព្រោះ​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​បាន​ធ្វើ​ដល់​សាសន៍​អាម៉ា‌លេក តាម​សេចក្តី​ក្រេវ‌ក្រោធ​របស់​ព្រះ​ផង ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​យ៉ាង​ដូច្នេះ

19 មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​សាសន៍​អ៊ីស្រា‌អែល ជា​មួយ​នឹង​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ ស្អែក​នេះ ទ្រង់ ព្រម​ទាំង​ពួក​បុត្រា​ទ្រង់ នឹង​បាន​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ​ហើយ ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រគល់​ពួក​ពល‌ទ័ព​របស់​សាសន៍​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ។