១ សាំយូអែល 28:3-9 KHOV

3 រីឯ​សាំយូ‌អែល លោក​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​កាន់​ទុក្ខ​នឹង​លោក ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច ហើយ​សូល​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​ពួក​គ្រូ​ខាប និង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ

4 គ្រា​នោះ ពួក​ភីលីស្ទីន​គេ​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​សូល​ទ្រង់​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីលបោ​ដែរ

5 កាល​សូល​ទ្រង់​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលីស្ទីន នោះ​ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង

6 តែ​កាល​សូល​ទូល​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មិន​ឆ្លើយ​តប​មក​ឡើយ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ​ឬ​ដោយ‌សារ​យូរីម ឬ​ដោយ​ពួក​ហោរា​ក្តី

7 ដូច្នេះ សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ទៅ​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ទៅ​រក​ស្រី​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​អញ​ចុះ ដើម្បី​ឲ្យ​អញ​បាន​ទៅ​សួរ​ទំនាយ​ពី​ស្រី​នោះ ពួក​អ្នក​បំរើ​ទ្រង់​ក៏​ទូល​ឆ្លើយ​ថា មើល​នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប។

8 នោះ​សូល​ទ្រង់​ក៏​ក្លែង​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចេញ​ទៅ មាន​មនុស្ស​២​នាក់​ទៅ​ជា​មួយ​ផង ក៏​បាន​ដល់​ទៅ​ស្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា សូម​ទាយ​ប្រាប់​ខ្ញុំ​ដោយ​នូវ​ខ្មោច​ចុះ ហើយ​សូម​ខាប​យក​អ្នក​១ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​មក​ឯ​ខ្ញុំ​ផង

9 ស្ត្រី​នោះ​ឆ្លើយ​ឡើង​ថា លោក​ជ្រាប​ហើយ​ពី​ការ​ដែល​ស្តេច​សូល​បាន​ធ្វើ​ជា​យ៉ាង​ណា គឺ​ទ្រង់​បាន​បណ្តេញ​ពួក​ចេះ​ខាប និង​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ដាក់​អន្ទាក់​ចាប់​ជីវិត​ខ្ញុំ​ឲ្យ​ត្រូវ​ស្លាប់​ដូច្នេះ