១ សាំយូអែល 28:6-12 KHOV

6 តែ​កាល​សូល​ទូល​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មិន​ឆ្លើយ​តប​មក​ឡើយ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ​ឬ​ដោយ‌សារ​យូរីម ឬ​ដោយ​ពួក​ហោរា​ក្តី

7 ដូច្នេះ សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ទៅ​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ទៅ​រក​ស្រី​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​អញ​ចុះ ដើម្បី​ឲ្យ​អញ​បាន​ទៅ​សួរ​ទំនាយ​ពី​ស្រី​នោះ ពួក​អ្នក​បំរើ​ទ្រង់​ក៏​ទូល​ឆ្លើយ​ថា មើល​នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប។

8 នោះ​សូល​ទ្រង់​ក៏​ក្លែង​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចេញ​ទៅ មាន​មនុស្ស​២​នាក់​ទៅ​ជា​មួយ​ផង ក៏​បាន​ដល់​ទៅ​ស្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា សូម​ទាយ​ប្រាប់​ខ្ញុំ​ដោយ​នូវ​ខ្មោច​ចុះ ហើយ​សូម​ខាប​យក​អ្នក​១ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​មក​ឯ​ខ្ញុំ​ផង

9 ស្ត្រី​នោះ​ឆ្លើយ​ឡើង​ថា លោក​ជ្រាប​ហើយ​ពី​ការ​ដែល​ស្តេច​សូល​បាន​ធ្វើ​ជា​យ៉ាង​ណា គឺ​ទ្រង់​បាន​បណ្តេញ​ពួក​ចេះ​ខាប និង​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ដាក់​អន្ទាក់​ចាប់​ជីវិត​ខ្ញុំ​ឲ្យ​ត្រូវ​ស្លាប់​ដូច្នេះ

10 នោះ​សូល​ក៏​ស្បថ​ឲ្យ​ស្ត្រី​នោះ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​មិន​ត្រូវ​មាន​ទោស​ក្នុង​ការ​នេះ​ឡើយ

11 រួច​ស្រី​នោះ​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​យក​អ្នក​ណា​មក​ឲ្យ​លោក នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ខាប​យក​សាំយូ‌អែល​មក​ឲ្យ​ខ្ញុំ​ចុះ

12 កាល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល នោះ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង រួច​ទូល​សូល​ថា ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ដ្បិត​ខ្លួន​លោក​នេះ​ហើយ គឺ​ជា​សូល