១ សាំយូអែល 28:9-15 KHOV

9 ស្ត្រី​នោះ​ឆ្លើយ​ឡើង​ថា លោក​ជ្រាប​ហើយ​ពី​ការ​ដែល​ស្តេច​សូល​បាន​ធ្វើ​ជា​យ៉ាង​ណា គឺ​ទ្រង់​បាន​បណ្តេញ​ពួក​ចេះ​ខាប និង​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ដាក់​អន្ទាក់​ចាប់​ជីវិត​ខ្ញុំ​ឲ្យ​ត្រូវ​ស្លាប់​ដូច្នេះ

10 នោះ​សូល​ក៏​ស្បថ​ឲ្យ​ស្ត្រី​នោះ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​មិន​ត្រូវ​មាន​ទោស​ក្នុង​ការ​នេះ​ឡើយ

11 រួច​ស្រី​នោះ​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​យក​អ្នក​ណា​មក​ឲ្យ​លោក នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ខាប​យក​សាំយូ‌អែល​មក​ឲ្យ​ខ្ញុំ​ចុះ

12 កាល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល នោះ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង រួច​ទូល​សូល​ថា ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ដ្បិត​ខ្លួន​លោក​នេះ​ហើយ គឺ​ជា​សូល

13 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី រួច​ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ​ឡើង​ពី​ដី​មក

14 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា តើ​មាន​ភាព​យ៉ាង​ដូច​ម្តេច គាត់​ឆ្លើយ​ថា មាន​ភាព​ជា​មនុស្ស​ចាស់​គ្រលុំ​ដោយ​អាវ​ដែល​ឡើង​មក នោះ​សូល​ទ្រង់​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។

15 ឯ​សាំយូ‌អែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូល‌បង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូល‌បង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​លោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា