១ សាំយូអែល 29:1-6 KHOV

1 រីឯ​ពួក​ភីលីស្ទីន គេ​ប្រមូល​ពួក​ពល​ទាំង​អស់​មក​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល គេ​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល

2 ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​នាំ​ពល​ទ័ព​គេ​ទាំង​រយ​ទាំង​ពាន់​ទៅ​ខាង​មុខ ហើយ​ដាវីឌ និង​ពួក​លោក ក៏​នាំ​គ្នា​ដើរ​តាម​ក្រោយ ទៅ​ជា​មួយ​នឹង​អ័គីស

3 នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​សួរ​ថា ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​មក​ធ្វើ​អី រួច​អ័គីស​ឆ្លើយ​តប​ថា នេះ​តើ​មិន​មែន​ដាវីឌ ជា​អ្នក​បំរើ​របស់​សូល ស្តេច​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ​អី ហើយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​គាត់ ចាប់​តាំង​ពី​វេលា​ដែល​គាត់​មក ដរាប​ដល់​ថ្ងៃ​នេះ

4 តែ​ពួក​មេ​ភីលីស្ទីន​គេ​ខឹង​នឹង​ទ្រង់ រួច​ទូល​ថា ចូរ​ឲ្យ​មនុស្ស​នេះ​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​ត្រឡប់​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​នៅ​នោះ កុំ​ឲ្យ​ចុះ​ទៅ​ឯ​ចំបាំង​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​លោ​កំពុង​តែ​ច្បាំង នោះ​វា​ត្រឡប់​ជា​ទាស់​នឹង​យើង​វិញ ដ្បិត​វា​នឹង​បាន​ជា​មេត្រី​នឹង​ចៅ‌ហ្វាយ​វា​យ៉ាង​ណា​បាន បើ​មិន​មែន​ដោយ‌សារ​យក​ក្បាល​នៃ​មនុស្ស​ទាំង​នេះ​ទេ

5 តើ​នេះ​មិន​មែន​ដាវីឌ​ទេ​ឬ​អី ជា​អ្នក​ដែល​គេ​បាន​ច្រៀង​ឆ្លើយ​គ្នា​ពី​ដំណើរ​វា​ក្នុង​ចំបាំង​គេ​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ តែ​ដាវីឌ​ទាំង​ម៉ឺន។

6 នោះ​អ័គីស ទ្រង់​ហៅ​ដាវីឌ​មក​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ដែល​អ្នក​ចេញ​ចូល​ក្នុង​ពល​ទ័ព​ជា​មួយ​នឹង​ខ្ញុំ នោះ​ក៏​ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ដោយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​អ្នក​ឡើយ ចាប់​តាំង​ពី​វេលា​ដែល​អ្នក​មក​ឯ​ខ្ញុំ​ដរាប​ដល់​ថ្ងៃ​នេះ ប៉ុន្តែ ពួក​មេ​របស់​យើង​គេ​មិន​ចូល​ចិត្ត​នឹង​អ្នក​ទេ