១ សាំយូអែល 3:8-14 KHOV

8 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ជា​គំរប់​៣​ដង​ថា នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី ដូច្នេះ អេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ

9 លោក​ក៏​ប្រាប់​ដល់​សាំយូ‌អែល​ថា ចូរ​ឯង​ដេក​ទៅ បើ​ឮ​សូរ​ហៅ​ម្តង​ទៀត នោះ​ត្រូវ​ឆ្លើយ​ថា បពិត្រ ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ ប្រុង​ស្តាប់​ហើយ ដូច្នេះ សាំយូ‌អែល​បាន​ទៅ​ដេក​នៅ​ដំណេក​ខ្លួន​វិញ​ទៅ។

10 លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឈរ ហៅ​ដូច​ជា​ជាន់​មុន​ថា សាំយូ‌អែល នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ

11 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​រៀប​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​នឹង​ធ្វើ​ឲ្យ​ខ្ទរ​ដល់​ត្រចៀក​ទាំង​សង​ខាង នៃ​អស់​អ្នក​ណា​ដែល​ឮ

12 នៅ​ថ្ងៃ​នោះ អញ​នឹង​សំរេច​ទាស់​នឹង​អេលី តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​និយាយ​ពី​ពួក​គ្រួ​លោក​ហើយ ចាប់​តាំង​ពី​ដើម ដរាប​ដល់​ចុង​ផង

13 ដ្បិត​អញ​បាន​ប្រាប់​លោក​ហើយ​ថា អញ​នឹង​ជំនុំ‌ជំរះ​ពួក​គ្រួ​លោក​ជា​ដរាប​ទៅ ដោយ​ព្រោះ​អំពើ​ដ៏​លាមក​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​លោក ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​បណ្តាសា ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​ទេ

14 គឺ​ដោយ​ហេតុ​នោះ បាន​ជា​អញ​ស្បថ​ដល់​ពួក​គ្រួ​អេលី​ថា ទោះ​បើ​យក​យញ្ញ‌បូជា ឬ​ដង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ គង់​តែ​មិន​បាន​ធួន​នឹង​អំពើ​ដ៏​លាមក​ដែល​ពួក​គ្រួ​លោក​បាន​ប្រព្រឹត្ត​ដែរ នៅ​ជា​ដរាប​ត​ទៅ។