1 លុះដល់ថ្ងៃទី៣ កាលដាវីឌ និងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ
2 ក៏ចាប់យកពួកស្រីៗទាំងតូចទាំងធំ ដែលនៅទីនោះ នាំទៅជាឈ្លើយ ឥតមានសំឡាប់អ្នកណាឡើយ គ្រាន់តែដឹកនាំទៅប៉ុណ្ណោះ
3 ដូច្នេះ កាលដាវីឌ និងពួកលោកបានមកដល់ នោះក៏ឃើញទីលំនៅបានឆេះអស់ហើយ ឯប្រពន្ធ និងកូនប្រុសកូនស្រី ក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ផង
4 នោះដាវីឌ និងពួកមនុស្សដែលនៅជាមួយក៏ឡើងសំឡេងយំជាខ្លាំង ដរាបដល់គ្មានកំឡាំងនឹងយំទៀត
5 ឯប្រពន្ធដាវីឌទាំង២ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលដែលជាអ្នកស្រុកកើមែល នោះគេក៏បាននាំទៅជាឈ្លើយដែរ
6 ចំណែកដាវីឌលោកច្របល់ក្នុងចិត្តជាខ្លាំង ដ្បិតបណ្តាពួកលោកគិតចោលនឹងថ្ម ពីព្រោះគ្រប់គ្នាមានសេចក្តីទំនាស់ចិត្តជាខ្លាំង ដោយព្រោះកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានកំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃលោកវិញ។
7 គ្រានោះ ដាវីឌនិយាយទៅអ័បៀថើរដ៏ជាសង្ឃ ជាកូនអ័ហ៊ីម៉ាលេកថា សូមយកអេផូឌមកឲ្យខ្ញុំឯណេះ នោះអ័បៀថើរក៏យកអេផូឌមក