១ សាំយូអែល 30:12-18 KHOV

12 ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​១​ផែន ហើយ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​២​ចង្កោម​ដែរ កាល​វា​បាន​បរិភោគ​ហើយ នោះ​ក៏​មាន​កំឡាំង​ឡើង ពី​ព្រោះ​មិន​បាន​បរិភោគ ទោះ​អាហារ ឬ​ទឹក​អស់​៣​ថ្ងៃ​៣​យប់​មក​ហើយ

13 ដាវីឌ​សួរ​វា​ថា ឯង​ជា​បាវ​របស់​អ្នក​ណា ហើយ​មក​ពី​ណា វា​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បំរើ​របស់​សាសន៍​អាម៉ា‌លេក​ម្នាក់ ចៅ‌ហ្វាយ​ខ្ញុំ​បាន​លះ‌ចោល​ខ្ញុំ​៣​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ខ្ញុំ​ឈឺ

14 យើង​ខ្ញុំ​បាន​លុក​ចូល​ស្រុក​ត្បូង​របស់​ពួក​កេរេ‌ធីម និង​ស្រុក​របស់​ពួក​យូដា ហើយ​នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​កាលែប ក៏​ដុត​ក្រុង​ស៊ីក‌ឡាក់​ដោយ​ភ្លើង

15 នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។

16 កាល​វា​បាន​នាំ​ចុះ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត‌កញ្ឆេង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា​នោះ

17 ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ រត់​ទៅ​ប៉ុណ្ណោះ

18 ដូច្នេះ ដាវីឌ​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ា‌លេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​២​មក​វិញ​ដែរ