១ សាំយូអែល 30:15-21 KHOV

15 នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។

16 កាល​វា​បាន​នាំ​ចុះ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត‌កញ្ឆេង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា​នោះ

17 ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ រត់​ទៅ​ប៉ុណ្ណោះ

18 ដូច្នេះ ដាវីឌ​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ា‌លេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​២​មក​វិញ​ដែរ

19 ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ គ្មាន​ខ្វះ​អ្វី​សោះ ទោះ​តូច​ឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ណា​ក្តី ដាវីឌ​បាន​នាំ​យក​ទាំង​អស់​មក​វិញ

20 លោក​ក៏​ចាប់​យក​ហ្វូង​ចៀម និង​ហ្វូង​គោ​ដែរ ហើយ​ពួក​អ្នក​គង្វាល​ដែល​ដេញ​សត្វ​ទាំង​នោះ​នៅ​មុខ​គេ ក៏​និយាយ​ថា នេះ​ជា​របឹប​នៃ​ដាវីឌ។

21 រួច​ដាវីឌ​ត្រឡប់​មក​ដល់​ពួក​២០០​នាក់ ដែល​ឥត​មាន​កំឡាំង​នឹង​តាម​ទៅ គឺ​ជា​ពួក​អ្នក​ដែល​គេ​បាន​ទុក​នៅ​ត្រង់​ជ្រោះ​បេសោរ​នោះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ទទួល​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ កាល​ដាវីឌ​ចូល​មក​ជិត នោះ​ក៏​សួរ​គេ​ពី​សេចក្តី​សុខ​ទុក្ខ