១ សាំយូអែល 30:17-23 KHOV

17 ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ រត់​ទៅ​ប៉ុណ្ណោះ

18 ដូច្នេះ ដាវីឌ​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ា‌លេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​២​មក​វិញ​ដែរ

19 ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ គ្មាន​ខ្វះ​អ្វី​សោះ ទោះ​តូច​ឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ណា​ក្តី ដាវីឌ​បាន​នាំ​យក​ទាំង​អស់​មក​វិញ

20 លោក​ក៏​ចាប់​យក​ហ្វូង​ចៀម និង​ហ្វូង​គោ​ដែរ ហើយ​ពួក​អ្នក​គង្វាល​ដែល​ដេញ​សត្វ​ទាំង​នោះ​នៅ​មុខ​គេ ក៏​និយាយ​ថា នេះ​ជា​របឹប​នៃ​ដាវីឌ។

21 រួច​ដាវីឌ​ត្រឡប់​មក​ដល់​ពួក​២០០​នាក់ ដែល​ឥត​មាន​កំឡាំង​នឹង​តាម​ទៅ គឺ​ជា​ពួក​អ្នក​ដែល​គេ​បាន​ទុក​នៅ​ត្រង់​ជ្រោះ​បេសោរ​នោះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ទទួល​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ កាល​ដាវីឌ​ចូល​មក​ជិត នោះ​ក៏​សួរ​គេ​ពី​សេចក្តី​សុខ​ទុក្ខ

22 ឯ​បណ្តា​មនុស្ស​កំណាច និង​មនុស្ស​ចោល‌ម្សៀត ក្នុង​ពួក​អ្នក​ដែល​បាន​ទៅ​ជា​មួយ​នឹង​ដាវីឌ គេ​និយាយ​ឡើង​ថា យើង​មិន​ព្រម​ចែក​របឹប​ដែល​យើង​បាន​ចាប់​យក​មក​វិញ ឲ្យ​ដល់​អ្នក​ទាំង​នេះ​ទេ លើក​តែ​ប្រពន្ធ​កូន​គេ​ប៉ុណ្ណោះ នោះ​ឲ្យ​គេ​នាំ​ទៅ​ចុះ ពី​ព្រោះ​គេ​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង​សោះ

23 តែ​ដាវីឌ​ប្រកែក​ថា បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ចំពោះ​របស់​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​យើង​ឡើយ ដ្បិត​ទ្រង់​បាន​ការ‌ពារ​យើង ហើយ​ប្រគល់​ពួក​អ្នក​ដែល​បាន​ញាំ‌ញី​យើង មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ