១ សាំយូអែល 31:2-8 KHOV

2 ពួក​ភីលីស្ទីន​ដេញ​តាម​សូល និង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត គេ​បាន​សំឡាប់​យ៉ូណា‌ថាន អ័ប៊ី‌ណា‌ដាប់ ហើយ​នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ

3 ចំបាំង​នោះ​ក៏​ប្រែ​ជា​លំបាក​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​ព្រះ‌ទ័យ​តក់‌ស្លុត​ជា​ខ្លាំង

4 ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទំលុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​កាប់​ចាក់ ហើយ​មើល‌ងាយ​ដល់​អញ តែ​អ្នក​កាន់​គ្រឿង​របស់​ទ្រង់​មិន​ហ៊ាន​ទេ ដោយ​គាត់​មាន​សេចក្តី​ភ័យ​ជា​ខ្លាំង ដូច្នេះ សូល​ទ្រង់​ក៏​ហូត​យក​ដាវ​របស់​ទ្រង់​ផ្តួល​ខ្លួន​ទៅ​លើ

5 កាល​អ្នក​កាន់​គ្រឿង​របស់​ទ្រង់​បាន​ឃើញ​ថា សូល​បាន​សុគត​ហើយ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​ស្លាប់​ទៅ​ជា​មួយ​ដែរ

6 ដូច្នេះ សូល​ព្រម​ទាំង​បុត្រា​ទ្រង់​៣​អង្គ និង​អ្នក​កាន់​គ្រឿង​របស់​ទ្រង់ ហើយ​នឹង​ពួក​ពល​ទាំង​ប៉ុន្មាន បាន​ស្លាប់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង។

7 កាល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​នោះ​ម្ខាង និង​ពួក​ដែល​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ បាន​ឃើញ​ថា ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​រត់ ហើយ​សូល និង​ពួក​បុត្រា​ទ្រង់ បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​អស់​ទាំង​ទី​ក្រុង​ទៅ ឯ​ពួក​ភីលីស្ទីន ក៏​មក​តាំង​ទី​លំនៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ

8 ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ចូល​ទៅ ដោះ​យក​របស់​ពី​ខ្មោច​ទាំង​ប៉ុន្មាន នោះ​គេ​ប្រទះ​ឃើញ​សព​សូល និង​បុត្រា​ទ្រង់​ទាំង​៣​អង្គ​នៅ​លើ​ភ្នំ​គីលបោ