6 ដូច្នេះ សូលព្រមទាំងបុត្រាទ្រង់៣អង្គ និងអ្នកកាន់គ្រឿងរបស់ទ្រង់ ហើយនឹងពួកពលទាំងប៉ុន្មាន បានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះឯង។
7 កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំនោះម្ខាង និងពួកដែលនៅត្រើយខាងនាយទន្លេយ័រដាន់ បានឃើញថា ពួកទ័ពនៃសាសន៍អ៊ីស្រាអែលបានរត់ ហើយសូល និងពួកបុត្រាទ្រង់ បានសុគតអស់ហើយ នោះគេក៏រត់ចោលអស់ទាំងទីក្រុងទៅ ឯពួកភីលីស្ទីន ក៏មកតាំងទីលំនៅក្នុងទីក្រុងទាំងនោះ
8 ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានចូលទៅ ដោះយករបស់ពីខ្មោចទាំងប៉ុន្មាន នោះគេប្រទះឃើញសពសូល និងបុត្រាទ្រង់ទាំង៣អង្គនៅលើភ្នំគីលបោ
9 ដូច្នេះ គេក៏កាត់យកព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងសស្ត្រាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ក្នុងស្រុកភីលីស្ទីន ដើម្បីនឹងផ្សាយដំណឹងនោះ ដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេ ហើយដល់បណ្តាជនផង
10 គេតម្កល់ទុកគ្រឿងសស្ត្រាវុធនោះ នៅក្នុងវិហារនៃរូបព្រះ ឯសពទ្រង់គេបោះភ្ជាប់នឹងកំផែងទីក្រុងបេត-សាន
11 តែកាលពួកអ្នកនៅក្រុងយ៉ាបេស ក្នុងស្រុកកាឡាត បានឮនិយាយ ពីការដែលពួកភីលីស្ទីនធ្វើ ដល់សពរបស់សូល
12 នោះពួកអ្នកក្លាហានទាំងប៉ុន្មានរបស់គេ ក៏លើកគ្នាទៅទាំងយប់ នាំយកសពរបស់សូល និងសពនៃពួកបុត្រាទ្រង់ ពីកំផែងបេត-សាន ត្រឡប់ទៅឯក្រុងយ៉ាបេស បូជាភ្លើងទៅ