1 រីឯសាសន៍អ៊ីស្រាអែល គេលើកគ្នាចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន បោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីន ក៏បោះទ័ពនៅត្រង់អាផែក។
2 ពួកភីលីស្ទីនគេដំរៀបទ័ពប្រទល់នឹងអ៊ីស្រាអែលរួចកាលគេបានចូលប្រឡូកតដៃគ្នា នោះពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសំឡាប់ពលទ័ពនៅវាល អស់ប្រហែលជា៤ពាន់នាក់
3 ដូច្នេះ កាលពួកពលបានចូលមកក្នុងទីបោះទ័ពវិញ នោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលជំនុំគ្នាថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់វាយយើង នៅចំពោះមុខពួកភីលីស្ទីនក្នុងថ្ងៃនេះដូច្នេះ ចូរយើងនាំយកហឹបនៃសញ្ញារបស់ព្រះយេហូវ៉ា ពីស៊ីឡូរមកឯយើង ដើម្បីឲ្យនៅកណ្តាលពួកយើង ហើយជួយសង្គ្រោះយើង ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
4 នោះគេក៏ចាត់ឲ្យទៅឯស៊ីឡូរ នាំយកហឹបនៃសេចក្តីសញ្ញា ផងព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្តាលចេរូប៊ីន ពីទីនោះមក ឯហុបនី និងភីនេហាស ជាកូនអេលីទាំង២ ក៏នៅទីនោះ ជាមួយនឹងហឹបនៃសេចក្តីសញ្ញារបស់ព្រះដែរ។