១ សាំយូអែល 4:10-16 KHOV

10 ដូច្នេះ ពួក​ភីលីស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់​ដៃ រត់​ទៅ​ឯ​ត្រសាល​វិញ​រៀង​ខ្លួន ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​៣​ម៉ឺន​នាក់

11 ឯ​ហឹប​របស់​ព្រះ គេ​ក៏​ចាប់​នាំ​យក​ទៅ ចំណែក​ហុបនី និង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​ក៏​ស្លាប់​ដែរ។

12 នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​បេន‌យ៉ា‌មីន​ម្នាក់​រត់​ពី​ទី​ចំបាំង ទៅ​ឯ​ស៊ីឡូរ មាន​សំលៀក‌បំពាក់​រហែក‌រហួរ ហើយ​មាន​ដី​នៅ​លើ​ក្បាល​ផង

13 កាល​គាត់​ចូល​ទៅ​ដល់ នោះ​អេលី​កំពុង​អង្គុយ​ទន្ទឹង​ចាំ​នៅ​មាត់​ផ្លូវ ដ្បិត​លោក​មាន​ចិត្ត​ភ័យ​ញ័រ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ​ជា​ខ្លាំង កាល​អ្នក​នោះ​បាន​ចូល​មក​ប្រាប់​ដំណឹង​ដល់​ពួក​ទី​ក្រុង នោះ​គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា

14 ឯ​អេលី ក៏​ឮ​សូរ‌សព្ទ​សំរែក​នោះ​ហើយ​សួរ​ថា តើ​សូរ‌សព្ទ​អឺង‌កង​ដែល​ឮ​មក​នេះ ដោយ​ហេតុ​អ្វី ដូច្នេះ អ្នក​នោះ​ក៏​ចូល​មក​ជា​ប្រញាប់​ជំរាប​ដល់​អេលី

15 រីឯ​អេលី​លោក​មាន​អាយុ​៩៨​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​ជិត មើល​អ្វី​មិន​ឃើញ​ឡើយ

16 អ្នក​នោះ​ជំរាប​ថា គឺ​ខ្ញុំ​នេះ​ដែល​ចេញ​មក​ពី​ទី​ចំបាំង ខ្ញុំ​បាន​រត់​រួច​នៅ​ថ្ងៃ​នេះ​ឯង អេលី​សួរ​ថា កូន​អើយ ចុះ​តើ​យ៉ាង​ដូច​ម្តេច​ទៅ