១ សាំយូអែល 4:6-12 KHOV

6 លុះ​ពួក​ភីលីស្ទីន​បាន​ឮ​សូរ‌សព្ទ​សំរែក​ដូច្នោះ ក៏​សួរ​គ្នា​ថា តើ​សូរ‌សព្ទ​សំរែក​ជា​ខ្លាំង​ដល់​ម៉្លេះ នៅ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​ហេព្រើរ​ជា​យ៉ាង​ណា​ហ្ន៎ នោះ​ក៏​យល់​ឃើញ​ថា ហឹប​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ

7 ដូច្នេះ ពួក​ភីលីស្ទីន​មាន​សេចក្តី​ភ័យ ដោយ​ថា ព្រះ​បាន​យាង​មក​ក្នុង​ទី​បោះ​ទ័ព​គេ​ហើយ រួច​ក៏​ថា វរ‌ហើយ យើង​រាល់​គ្នា ដ្បិត​កាល​ពី​ដើម​មិន​ដែល​មាន​ដូច្នេះ​ឡើយ

8 វរ‌ហើយ យើង​រាល់​គ្នា តើ​មាន​អ្នក​ណា​នឹង​ជួយ​យើង ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ព្រះ​ដ៏​ខ្លាំង​ពូកែ​ទាំង​នេះ គឺ​ព្រះ​ទាំង​ប៉ុន្មាន​នេះ​ហើយ ដែល​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ទី​រហោ‌ស្ថាន ដោយ​សេចក្តី​វេទនា​គ្រប់​យ៉ាង

9 ឱ​ពួក​ភីលីស្ទីន​អើយ ចូរ​ខំ​ប្រឹង​ឡើង ហើយ​សំរេច​ខ្លួន​ឲ្យ​ពេញ​ជា​មនុស្ស​ចុះ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ធ្លាក់​ទៅ​ជា​បាវ​បំរើ​នៃ​ពួក​ហេព្រើរ ដូច​ជា​គេ​បាន​ធ្វើ​ជា​បាវ‌បំរើ​ដល់​យើង​នោះ​ឡើយ ចូរ​សំរេច​ខ្លួន​ឲ្យ​ពេញ​ជា​មនុស្ស ហើយ​ត​ដៃ​នឹង​គេ​ចុះ

10 ដូច្នេះ ពួក​ភីលីស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់​ដៃ រត់​ទៅ​ឯ​ត្រសាល​វិញ​រៀង​ខ្លួន ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​៣​ម៉ឺន​នាក់

11 ឯ​ហឹប​របស់​ព្រះ គេ​ក៏​ចាប់​នាំ​យក​ទៅ ចំណែក​ហុបនី និង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​ក៏​ស្លាប់​ដែរ។

12 នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​បេន‌យ៉ា‌មីន​ម្នាក់​រត់​ពី​ទី​ចំបាំង ទៅ​ឯ​ស៊ីឡូរ មាន​សំលៀក‌បំពាក់​រហែក‌រហួរ ហើយ​មាន​ដី​នៅ​លើ​ក្បាល​ផង