១ សាំយូអែល 5:3-9 KHOV

3 លុះ​ស្អែក​ឡើង កាល​ពួក​ក្រុង​អាស‌ដូឌ​បាន​ក្រោក​ឡើង​ពី​ព្រលឹម នោះ​ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា រួច​គេ​លើក​ព្រះ​ដាកុន ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ

4 លុះ​ដល់​ថ្ងៃ​ស្អែក​ទៀត កាល​គេ​ក្រោក​ពី​ព្រលឹម នោះ​ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល និង​ដៃ​ទាំង​២​នៃ​ព្រះ​ដាកុន ក៏​បាក់​ដាច់ នៅ​លើ​ក្រប​ទ្វារ សល់​នៅ​តែ​តួ​ព្រះ​ដាកុន​ប៉ុណ្ណោះ

5 ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សង្ឃ​របស់​ព្រះ​ដាកុន និង​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គេ​មិន​ដែល​ជាន់​លើ​ក្រប​ទ្វារ​នៃ​វិហារ​ព្រះ​ដាកុន នៅ​ក្រុង​អាស‌ដូឌ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

6 ឯ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ក៏​សង្កត់​លើ​ពួក​ក្រុង​អាស‌ដូឌ​យ៉ាង​ធ្ងន់ ទ្រង់​បំផ្លាញ​គេ ហើយ​វាយ​គេ​ដោយ​រោគ​ឫស‌ដូង‌បាត នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ជុំវិញ​ទាំង​អស់

7 កាល​ពួក​អាស‌ដូឌ​ឃើញ​ថា កើត​មាន​យ៉ាង​ដូច្នោះ នោះ​គេ​ជំនុំ​គ្នា​ថា មិន​ត្រូវ​ឲ្យ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​នៅ​ជា​មួយ​នឹង​យើង​ទៀត​ឡើយ ដ្បិត​ព្រះ‌ហស្ត​នៃ​ទ្រង់​សង្កត់​លើ​យើង​រាល់​គ្នា​ធ្ងន់​ណាស់ ហើយ​លើ​ព្រះ​ដាកុន​ជា​ព្រះ​នៃ​យើង​ដែរ

8 ដូច្នេះ គេ​ក៏​ចាត់​ឲ្យ​ទៅ ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន​មក​ជំនុំ​គ្នា​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​នឹង​ហឹប​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​នេះ គេ​ឆ្លើយ​ថា ចូរ​នាំ​យក​ទៅ​ឯ​ក្រុង​កាថ​ទៅ ដូច្នេះ គេ​ក៏​នាំ​យក​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ទៅ​ឯ​ទី​នោះ

9 កាល​គេ​បាន​នាំ​យក​ទៅ​ឯ​ណោះ​ហើយ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ទី​ក្រុង​នោះ ដោយ​សេចក្តី​វេទនា​យ៉ាង​ខ្លាំង​ដែរ ទ្រង់​វាយ​ពួក​ក្រុង​នោះ​ទាំង​តូច​ទាំង​ធំ ឲ្យ​កើត​មាន​ឫស‌ដូង‌បាត​ទាំង​អស់​គ្នា