១ សាំយូអែល 6:4-10 KHOV

4 គេ​ក៏​សួរ​ថា តើ​ដង្វាយ​យ៉ាង​ណា ដែល​យើង​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ទ្រង់​នោះ ពួក​នោះ​ប្រាប់​ថា គឺ​រូប​ឫស​ដូង​បាត​៥ ធ្វើ​ពី​មាស និង​កណ្តុរ​មាស​៥ តាម​ចំនួន​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ពួក​មេ​របស់​អ្នក​រាល់​គ្នា ក៏​កើត​មាន​សេចក្តី​វេទនា​តែ​១

5 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត និង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរសើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ ប្រហែល​ជា​ទ្រង់​នឹង​សំរាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា និង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង

6 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ កាល​ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ នោះ​តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ​អី

7 ដូច្នេះ ចូរ​ធ្វើ​រទេះ​១​ថ្មី ហើយ​យក​គោ​ញី​២​ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ

8 នោះ​ត្រូវ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដាក់​លើ​រទេះ​ទៅ ហើយ​ដាក់​គ្រឿង​មាស​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នោះ ទៅ​ក្នុង​ប្រអប់​ដាក់​ខាង​ហឹប រួច​លែង​វា​ឲ្យ​នាំ​ទៅ​វិញ​ចុះ

9 ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្តី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។

10 គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​២​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ