១ សាំយូអែល 6:6-12 KHOV

6 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ កាល​ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ នោះ​តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ​អី

7 ដូច្នេះ ចូរ​ធ្វើ​រទេះ​១​ថ្មី ហើយ​យក​គោ​ញី​២​ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ

8 នោះ​ត្រូវ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដាក់​លើ​រទេះ​ទៅ ហើយ​ដាក់​គ្រឿង​មាស​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នោះ ទៅ​ក្នុង​ប្រអប់​ដាក់​ខាង​ហឹប រួច​លែង​វា​ឲ្យ​នាំ​ទៅ​វិញ​ចុះ

9 ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្តី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។

10 គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​២​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ

11 ហើយ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ដាក់​លើ​រទេះ ព្រម​ទាំង​ប្រអប់ ដែល​មាន​រូប​កណ្តុរ​មាស និង​រូប​ឫស‌ដូង‌បាត​របស់​គេ​ផង

12 រួច​គោ​នោះ​ក៏​ចេញ​ដំរង់​តាម​ផ្លូវ​ទៅ​ឯ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​១​នោះ​ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន គេ​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ស្រុក​បេត-សេមែស