១ សាំយូអែល 6:9-15 KHOV

9 ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្តី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។

10 គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​២​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ

11 ហើយ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ដាក់​លើ​រទេះ ព្រម​ទាំង​ប្រអប់ ដែល​មាន​រូប​កណ្តុរ​មាស និង​រូប​ឫស‌ដូង‌បាត​របស់​គេ​ផង

12 រួច​គោ​នោះ​ក៏​ចេញ​ដំរង់​តាម​ផ្លូវ​ទៅ​ឯ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​១​នោះ​ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន គេ​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ស្រុក​បេត-សេមែស

13 គ្រា​នោះ ពួក​អ្នក​នៅ​បេត-សេមែស គេ​កំពុង​តែ​ច្រូត​ស្រូវ​នៅ​វាល​ច្រក​ភ្នំ លុះ​ងើប​ភ្នែក​ឡើង ក៏​អរ​សប្បាយ ដោយ​ឃើញ​ហឹប​នៃ​ព្រះ​មក​វិញ

14 រទេះ​ក៏​មក​ដល់​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​១​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

15 ពួក​លេវី​គេ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា និង​ប្រអប់​ដែល​មាន​គ្រឿង​មាស​ទាំង​ប៉ុន្មាន ចុះ​មក​ដាក់​លើ​ថ្ម​ធំ​នោះ រួច​ពួក​បេត-សេមែស​ក៏​ថ្វាយ​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នោះ​ឯង