10 កាលសាំយូអែលកំពុងដែលថ្វាយដង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សំឡាប់
11 ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។
12 នោះសាំយូអែល លោកយកថ្មដាក់នៅកណ្តាលមីសប៉ា និងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ
13 ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមក ក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់១ជីវិតសាំយូអែល
14 ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះ សាសន៍អ៊ីស្រាអែល និងសាសន៍អាម៉ូរី មានសេចក្តីមេត្រីនឹងគ្នា។
15 ឯសាំយូអែល លោកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១ជីវិត
16 លោកតែងដើរវង់ ពីបេត-អែល ទៅដល់គីលកាល ហើយនឹងមីសប៉ា រាល់តែឆ្នាំ ក៏វិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែល នៅកន្លែងទាំងនោះ