3 តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកំរៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្តីយុត្តិធម៌ចេញផង។
4 នៅគ្រានោះ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯសាំយូអែលទៅត្រង់រ៉ាម៉ា
5 គេជំរាបថា មើល ឥឡូវលោកចាស់ហើយ ឯពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេច១អង្គ សំរាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ
6 តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសំរាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា
7 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា ចូរស្តាប់តាមគ្រប់ទាំងសេចក្តី ដែលពួកបណ្តាជនសូមដល់ឯងចុះ ដ្បិតគេមិនបានបោះបង់ចោលឯងទេ គឺបោះបង់ចោលអញវិញ ដើម្បីមិនឲ្យអញធ្វើជាស្តេចលើគេទៀត
8 គេប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងអញ ចាប់តាំងពីថ្ងៃដែលអញបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះដែរ គឺគេបានបោះបង់ចោលអញ បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ
9 ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែ ត្រូវឲ្យឯងប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា។