១ សាំយូអែល 9:13-19 KHOV

13 កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​អ្នក​នឹង​ឃើញ​លោក​ហើយ មុន​ដែល​លោក​ឡើង​ទៅ​ពិសា​នៅ​លើ​ទី​ខ្ពស់​នោះ ដ្បិត​ពួក​បណ្តា‌ជន​មិន​បរិភោគ​ឡើយ ទាល់​តែ​លោក​អញ្ជើញ​ទៅ​ដល់ ពី​ព្រោះ​គឺ​លោក​ហើយ ដែល​ត្រូវ​ឲ្យ​ពរ​ដល់​យញ្ញ‌បូជា​នោះ ទើប​ពួក​ភ្ញៀវ​បរិភោគ​ជា​ខាង​ក្រោយ ដូច្នេះ អញ្ជើញ​អ្នក​ឡើង​ទៅ​ចុះ ដ្បិត​ថ្មើរ​ណេះ​អ្នក​នឹង​រក​លោក​ឃើញ។

14 ដូច្នេះ គេ​ក៏​ឡើង​ទៅ​ឯ​ទី​ក្រុង កាល​គេ​កំពុង​តែ​ចូល​ទៅ នោះ​មើល សាំយូ‌អែល​ក៏​ចេញ​មក​នៅ​ប្រទល់​មុខ ដើម្បី​នឹង​ឡើង​ទៅ​ឯ​ទី​ខ្ពស់។

15 រីឯ​១​ថ្ងៃ​មុន​ដែល​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​សាំយូ‌អែល​ថា

16 ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ អញ​នឹង​ចាត់​មនុស្ស​ម្នាក់​ពី​ស្រុក​បេន‌យ៉ា‌មីន​មក​ឯ​ឯង ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​តាំង​អ្នក​នោះ​ឲ្យ​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ចុះ អ្នក​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដ្បិត​អញ​បាន​ក្រឡេក​មើល​ទៅ​រាស្ត្រ​អញ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​មក​ដល់​អញ​ហើយ

17 ដូច្នេះ កាល​សាំយូ‌អែល​បាន​ឃើញ​សូល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​មនុស្ស​ដែល​អញ​បាន​ប្រាប់​ឯង គឺ​អ្នក​នេះ​ឯង ដែល​ត្រូវ​សោយ‌រាជ្យ​លើ​រាស្ត្រ​របស់​អញ

18 គ្រា​នោះ សូល​បាន​ចូល​ទៅ​ជិត​សាំយូ‌អែល នៅ​ត្រង់​កណ្តាល​ទ្វារ​ក្រុង​សួរ​ថា សូម​លោក​ប្រាប់​ខ្ញុំ តើ​ផ្ទះ​គ្រូ​ដែល​មើល‌ឆុត​នៅ​ឯ​ណា

19 នោះ​សាំយូ‌អែល​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល‌ឆុត ចូរ​អ្នក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​មុន​ខ្ញុំ​ចុះ ដ្បិត​ត្រូវ​ឲ្យ​អ្នក​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ រួច​ដល់​ព្រឹក​ឡើង​ខ្ញុំ​នឹង​ឲ្យ​អ្នក​អញ្ជើញ​ទៅ ហើយ​នឹង​ប្រាប់​ពី​គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​ប៉ង​ក្នុង​ចិត្ត​ដែរ