14 ដូច្នេះ គេក៏ឡើងទៅឯទីក្រុង កាលគេកំពុងតែចូលទៅ នោះមើល សាំយូអែលក៏ចេញមកនៅប្រទល់មុខ ដើម្បីនឹងឡើងទៅឯទីខ្ពស់។
15 រីឯ១ថ្ងៃមុនដែលសូលបានមកដល់ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់សាំយូអែលថា
16 ដល់ថ្ងៃស្អែកពេលថ្មើរណេះ អញនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមកឯឯង ត្រូវឲ្យឯងចាក់ប្រេងតាំងអ្នកនោះឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែល ជារាស្ត្រអញចុះ អ្នកនោះនឹងជួយសង្គ្រោះរាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដ្បិតអញបានក្រឡេកមើលទៅរាស្ត្រអញ ពីព្រោះសំរែករបស់គេបានឮមកដល់អញហើយ
17 ដូច្នេះ កាលសាំយូអែលបានឃើញសូល នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះហើយជាមនុស្សដែលអញបានប្រាប់ឯង គឺអ្នកនេះឯង ដែលត្រូវសោយរាជ្យលើរាស្ត្ររបស់អញ
18 គ្រានោះ សូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្តាលទ្វារក្រុងសួរថា សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា
19 នោះសាំយូអែលឆ្លើយថា គឺខ្ញុំនេះហើយជាអ្នកមើលឆុត ចូរអ្នកឡើងទៅឯទីខ្ពស់មុនខ្ញុំចុះ ដ្បិតត្រូវឲ្យអ្នកបរិភោគជាមួយនឹងខ្ញុំនៅថ្ងៃនេះ រួចដល់ព្រឹកឡើងខ្ញុំនឹងឲ្យអ្នកអញ្ជើញទៅ ហើយនឹងប្រាប់ពីគ្រប់ទាំងសេចក្តីដែលអ្នកប៉ងក្នុងចិត្តដែរ
20 ឯហ្វូងលាដែលបានវង្វេងបាត់៣ថ្ងៃមកហើយ នោះកុំឲ្យធុរៈឡើយ ដ្បិតបានឃើញហើយ ១ទៀត តើសេចក្តីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសំរេចលើអ្នកណា តើមិនសំរេចលើអ្នក និងពួកគ្រួឪពុកអ្នកទេឬអី