17 ដូច្នេះ កាលសាំយូអែលបានឃើញសូល នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះហើយជាមនុស្សដែលអញបានប្រាប់ឯង គឺអ្នកនេះឯង ដែលត្រូវសោយរាជ្យលើរាស្ត្ររបស់អញ
18 គ្រានោះ សូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្តាលទ្វារក្រុងសួរថា សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា
19 នោះសាំយូអែលឆ្លើយថា គឺខ្ញុំនេះហើយជាអ្នកមើលឆុត ចូរអ្នកឡើងទៅឯទីខ្ពស់មុនខ្ញុំចុះ ដ្បិតត្រូវឲ្យអ្នកបរិភោគជាមួយនឹងខ្ញុំនៅថ្ងៃនេះ រួចដល់ព្រឹកឡើងខ្ញុំនឹងឲ្យអ្នកអញ្ជើញទៅ ហើយនឹងប្រាប់ពីគ្រប់ទាំងសេចក្តីដែលអ្នកប៉ងក្នុងចិត្តដែរ
20 ឯហ្វូងលាដែលបានវង្វេងបាត់៣ថ្ងៃមកហើយ នោះកុំឲ្យធុរៈឡើយ ដ្បិតបានឃើញហើយ ១ទៀត តើសេចក្តីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសំរេចលើអ្នកណា តើមិនសំរេចលើអ្នក និងពួកគ្រួឪពុកអ្នកទេឬអី
21 តែសូលឆ្លើយថា តើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ។
22 សាំយូអែលក៏នាំយកសូល និងអ្នកបំរើ ចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខ១ក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជា៣០នាក់
23 រួចលោកប្រាប់ទៅអ្នកធ្វើបាយថា ចូរយកចំណែក១ដែលអញបានប្រគល់ឲ្យឯងដោយប្រាប់ថា ចូរទុកដោយខ្លួននោះមក