១ សាំយូអែល 9:18-24 KHOV

18 គ្រា​នោះ សូល​បាន​ចូល​ទៅ​ជិត​សាំយូ‌អែល នៅ​ត្រង់​កណ្តាល​ទ្វារ​ក្រុង​សួរ​ថា សូម​លោក​ប្រាប់​ខ្ញុំ តើ​ផ្ទះ​គ្រូ​ដែល​មើល‌ឆុត​នៅ​ឯ​ណា

19 នោះ​សាំយូ‌អែល​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល‌ឆុត ចូរ​អ្នក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​មុន​ខ្ញុំ​ចុះ ដ្បិត​ត្រូវ​ឲ្យ​អ្នក​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ រួច​ដល់​ព្រឹក​ឡើង​ខ្ញុំ​នឹង​ឲ្យ​អ្នក​អញ្ជើញ​ទៅ ហើយ​នឹង​ប្រាប់​ពី​គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​ប៉ង​ក្នុង​ចិត្ត​ដែរ

20 ឯ​ហ្វូង​លា​ដែល​បាន​វង្វេង​បាត់​៣​ថ្ងៃ​មក​ហើយ នោះ​កុំ​ឲ្យ​ធុរៈ​ឡើយ ដ្បិត​បាន​ឃើញ​ហើយ ១​ទៀត តើ​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​សាសន៍​អ៊ីស្រា‌អែល​សំរេច​លើ​អ្នក​ណា តើ​មិន​សំរេច​លើ​អ្នក និង​ពួក​គ្រួ​ឪពុក​អ្នក​ទេ​ឬ​អី

21 តែ​សូល​ឆ្លើយ​ថា តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេន‌យ៉ា‌មីន​ជា​ពូជ​អំបូរ​តូច​ជាង​គេ​ក្នុង​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ​អី ហើយ​ពួក​គ្រួ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​ដែរ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ។

22 សាំយូ‌អែល​ក៏​នាំ​យក​សូល និង​អ្នក​បំរើ ចូល​ទៅ​ក្នុង​រោង​ជំនុំ ឲ្យ​អង្គុយ​នៅ​ទី​លេខ​១​ក្នុង​ពួក​ភ្ញៀវ ដែល​មាន​ចំនួន​ប្រហែល​ជា​៣០​នាក់

23 រួច​លោក​ប្រាប់​ទៅ​អ្នក​ធ្វើ​បាយ​ថា ចូរ​យក​ចំណែក​១​ដែល​អញ​បាន​ប្រគល់​ឲ្យ​ឯង​ដោយ​ប្រាប់​ថា ចូរ​ទុក​ដោយ​ខ្លួន​នោះ​មក

24 ដូច្នេះ អ្នក​ធ្វើ​បាយ ក៏​យក​ស្មា និង​សាច់​ដែល​នៅ​ជាប់​នោះ មក​ដាក់​នៅ​មុខ​សូល រួច​សាំយូ‌អែល​ប្រាប់​ថា មើល នេះ​ជា​របស់​ដែល​បាន​បំរុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពីសា​ចុះ ដ្បិត​បាន​បំរុង​ទុក​ដល់​ពេល​កំណត់​សំរាប់​អ្នក ចាប់​តាំង​ពី​ខ្ញុំ​បាន​អញ្ជើញ​ពួក​ជន​មក ដូច្នេះ សូល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។