១ សាំយូអែល 9:4-10 KHOV

4 ដូច្នេះ គាត់​បាន​ដើរ​កាត់​ស្រុក​ភ្នំ​អេប្រា‌អិម និង​ស្រុក​សាលីសា តែ​រក​ហ្វូង​លា​មិន​ឃើញ​សោះ រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​សាលីម តែ​មិន​ឃើញ​នៅ​ស្រុក​នោះ​ដែរ ក៏​ដើរ​កាត់​ស្រុក​បេន‌យ៉ា‌មីន​ទៀត តែ​រក​មិន​ឃើញ​សោះ​ឡើយ។

5 លុះ​កាល​បាន​ទៅ​ដល់​ស្រុក​ស៊ូភ​ហើយ នោះ​សូល​និយាយ​ទៅ​បាវ​ដែល​ទៅ​ជា​មួយ​ថា ឥឡូវ​នេះ ចូរ​យើង​វិល​ត្រឡប់​ទៅ​វិញ ក្រែង​ឪពុក​អញ​លែង​គិត​ពី​ហ្វូង​លា ដោយ​ព្រួយ​ចិត្ត​នឹង​យើង

6 បាវ​នោះ​ឆ្លើយ​ថា មើល មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​នៅ​ក្រុង​នេះ ជា​អ្នក​ដែល​គេ​រាប់​អាន​គ្រប់​គ្នា ឯ​អស់​ទាំង​សេចក្តី​ណា​ដែល​លោក​ថា នោះ​រមែង​កើត​មក​ជា​មិន​ខាន ដូច្នេះ សូម​យើង​ទៅ​ឯ​ណោះ​ចុះ​ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង ពី​ផ្លូវ​ដែល​ត្រូវ​ទៅ​បាន

7 តែ​សូល​ឆ្លើយ​ថា បើ​សិន​ជា​យើង​ទៅ តើ​យើង​មាន​អ្វី​យក​ទៅ​ជូន​លោក ដ្បិត​អាហារ​ក្នុង​សំពាយ​របស់​យើង​អស់​រលីង​ហើយ គ្មាន​អ្វី​នឹង​យក​ទៅ​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ​នោះ​ទេ តើ​នៅ​មាន​អ្វី​ដែរ​ឬ​ទេ

8 បាវ​ឆ្លើយ​ជំរាប​ទៅ​សូល​ម្តង​ទៀត​ថា មើល ខ្ញុំ​មាន​ប្រាក់​២​កាក់​នៅ​ដៃ ខ្ញុំ​នឹង​ជូន​ដល់​លោក ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង

9 (កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា ចូរ​យើង​ទៅ​ឯ​អ្នក​មើល‌ឆុត ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល‌ឆុត​វិញ)

10 ដូច្នេះ សូល​ក៏​ឆ្លើយ​តប​ទៅ​បាវ​ថា អើ ស្រួល​ហើយ ចូរ​យើង​ទៅ​ចុះ នោះ​គេ​ក៏​ទៅ​ឯ​ក្រុង​នោះ ជា​កន្លែង​ដែល​អ្នក​សំណប់​របស់​ព្រះ​អាស្រ័យ​នៅ។