11 រួចពីនោះគេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ)
12 ឯកាលែបគាត់បានសន្យាថា បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ធ្វើជាប្រពន្ធអ្នកនោះ
13 ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនកាលែប បានទៅវាយយកបាន កាលែបក៏ឲ្យនាងអាកសា ទៅធ្វើជាប្រពន្ធគាត់ទៅ
14 កាលនាងបានចូលទៅ នោះក៏បបួលប្ដីឲ្យសូមដីពីឪពុក រួចនាងលោតចុះពីលើលាដែលនាងជិះមក ដូច្នេះ កាលែបសួរថា ដូចម្តេចហ្នឹង
15 នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
16 ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ គេចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងអើរ៉ាត ជាមួយនឹងពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយនឹងពួកអ្នកស្រុកនោះ។
17 នោះពួកយូដាក៏ទៅជាមួយនឹងពួកស៊ីម្មាន ជាបងប្អូនវិញ គេនាំគ្នាវាយសំឡាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ (រីឯទីក្រុងនោះហៅថា ហោម៉ា)