ចៅហ្វាយ 18 KHOV

កូន​ចៅ​ដាន់​ប្តូរ​ទឹក​ដី

1 នៅ​គ្រា​នោះ គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ រីឯ​ពូជ​អំបូរ​ដាន់​នៅ​វេលា​នោះ គេ​រក​ស្រុក​តាំង​ជា​ទី​លំនៅ ទុក​ជា​កេរ‌អាករ​របស់​គេ ដ្បិត​តាំង​ពី​ដើម​រៀង​មក គេ​មិន​ទាន់​បាន​ទទួល​កេរ‌អាករ​របស់​គេ ក្នុង​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​នៅ​ឡើយ​ទេ

2 ដូច្នេះ ពួក​កូន​ចៅ​ដាន់​ក៏​រើស​ពួក​គេ​៥​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ដោយ​ពាក្យ​ថា ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​ទៅ គេ​ក៏​ចូល​មក​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម​ដល់​ផ្ទះ​មីកា ហើយ​ដេក​នៅ​ទី​នោះ​អស់​១​យប់

3 តែ​គ្រា​ដែល​មក​ជិត​ដល់​ផ្ទះ​មីកា​ហើយ នោះ​គេ​ឮ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មនុស្ស​កំឡោះ ជា​ពួក​លេវី​នោះ រួច​ក៏​ចូល​ទៅ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​នាំ​អ្នក​មក​នេះ អ្នក​ធ្វើ​ជា​អ្វី​នៅ​ទី​នេះ ហើយ​មាន​អ្វី​នៅ​ឯ​ណេះ

4 គាត់​ឆ្លើយ​ថា មីកា​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​នេះ​មួយៗ គាត់​បាន​ជួល​ខ្ញុំ ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​គាត់

5 នោះ​គេ​ប្រាប់​ដល់​គាត់​ថា ដូច្នេះ​សូម​ឲ្យ​អ្នក​ទូល​សួរ​ព្រះ​មើល ដើម្បី​ឲ្យ​យើង​រាល់​គ្នា​ដឹង ជា​ផ្លូវ​ដែល​យើង​ទៅ​នេះ​នឹង​បាន​កើត​ការ​ឬ​ទេ

6 សង្ឃ​នោះ​ឆ្លើយ​តប​ថា សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ ដែល​អ្នក​រាល់​គ្នា​ទៅ​នោះ​ហើយ។

7 នោះ​ពួក​៥​នាក់​នាំ​គ្នា​ចេញ​ទៅ ក៏​បាន​ទៅ​ដល់​ក្រុង​ឡាអ៊ីស នៅ​ស្រុក​នោះ​គេ​ឃើញ​មាន​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​រម្យ‌ទម ហើយ​សុខ‌សាន្ត ដ្បិត​នៅ​ស្រុក​នោះ គ្មាន​អ្នក​ណា​មាន​អំណាច នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស ក្នុង​ការ​អ្វី​ឡើយ គេ​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ឥត​ប្រកប​នឹង​អ្នក​ណា​មួយ​ផង

8 រួច​ពួក​ទាំង​៥​នាក់​ក៏​ត្រឡប់​ទៅ​ឯ​បង​ប្អូន​គេ ដែល​នៅ​សូរ៉ាស់ និង​អែស‌ថោល​វិញ បង​ប្អូន​គេ​ក៏​សួរ​ថា យ៉ាង​ម៉េច​ទៅ

9 គេ​ប្រាប់​ថា ចូរ​រៀប‌ចំ​ឡើង លើក​គ្នា​ទៅ​ច្បាំង​នឹង​គេ​ទៅ ដ្បិត​យើង​បាន​ឃើញ​ស្រុក​គេ​ល្អ​ណាស់ តើ​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី កុំ​ឲ្យ​ខ្ជិល​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​នោះ​ឡើយ

10 កាល​ណា​ចូល​ទៅ​ដល់ នោះ​នឹង​ឃើញ​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត ស្រុក​នោះ​ក៏​ធំ​ទូលាយ​ដែរ ដ្បិត​ព្រះ​បាន​ប្រគល់​ស្រុក​នោះ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​កន្លែង​មិន​ចេះ​ខ្វះ​អ្វី ដែល​នៅ​ផែនដី​នេះ។

11 គ្រា​នោះ មាន​មនុស្ស​៦០០​នាក់​ពី​វង្ស​ដាន់ ដែល​នៅ​ត្រង់​សូរ៉ាស់ និង​អែស‌ថោល គេ​លើ​គ្នា​ចេញ​ទៅ​ទាំង​មាន​គ្រឿង​សឹក

12 ក៏​ឡើង​ទៅ​បោះ​ទ័ព នៅ​ត្រង់​គារយ៉ាត់-យារីម​ក្នុង​ស្រុក​យូដា ហេតុ​នោះ​បាន​ជា​គេ​ឲ្យ​ឈ្មោះ​ទី​នោះ​ថា ម៉ាហានេ-ដាន់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទី​នោះ​នៅ​ខាង​ក្រោយ​គារយ៉ាត់-យារីម

13 ពី​ទី​នោះ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ហើយ​ក៏​មក​ដល់​ផ្ទះ​មីកា។

14 ឯ​ពួក​៥​នាក់ ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស គេ​ក៏​ផ្តើម​និយាយ​ទៅ​បង​ប្អូន​គេ​ថា តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ និង​រូប​ព្រះ ព្រម​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ផង​ឬ​ទេ ដូច្នេះ​ពិចារណា​មើល តើ​ត្រូវ​ធ្វើ​ដូច​ម្តេច

15 គេ​ក៏​បែរ​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​កំឡោះ​ជា​ពួក​លេវី​នេះ គឺ​ក្នុង​ផ្ទះ​របស់​មីកា ហើយ​ក៏​សាក‌សួរ​ពី​សេចក្ដី​សុខ​ទុក្ខ

16 ឯ​ពួក​កូន​ចៅ​ដាន់​ទាំង​៦០០​នាក់​ដែល​មាន​គ្រឿង​សឹក គេ​ឈរ​ចាំ​នៅ​ឰដ៏​មាត់​ទ្វារ

17 ពួក​៥​នាក់​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក ក៏​ឡើង​ចូល​ទៅ​ក្នុង​ផ្ទះ យក​ទាំង​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​រូប​ព្រះ និង​រូប​សិត​ផង ឯ​សង្ឃ​នោះ​គាត់​ឈរ​នៅ​មាត់​ទ្វារ​ជា​មួយ​នឹង​មនុស្ស​៦០០​នាក់ ដែល​មាន​គ្រឿង​សឹក

18 កាល​អ្នក​ទាំង​៥​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​រូប​ព្រះ និង​រូប​សិត​ដូច្នោះ នោះ​គាត់​សួរ​ថា អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដូច្នេះ

19 តែ​គេ​ប្រាប់​គាត់​ថា ចូរ​នៅ​ឲ្យ​ស្ងៀម​ទៅ ហើយ​យក​ដៃ​ខ្ទប់​មាត់​ចុះ សូម​ទៅ​ជា​មួយ​នឹង​យើង​ធ្វើ​ជា​ឪពុក ហើយ​ជា​សង្ឃ​ដល់​យើង​វិញ ដែល​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​ពួក​គ្រួ​មនុស្ស​តែ​ម្នាក់​នេះ នោះ​តើ​វិសេស​ជាង​ធ្វើ​ជា​សង្ឃ​ដល់​ពូជ​អំបូរ​១ គឺ​ដល់​វង្ស​១​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល​ឬ​អី

20 សង្ឃ​នោះ​មាន​ចិត្ត​អំណរ​ឡើង រួច​ក៏​យក​អេផូឌ និង​រូប​ព្រះ ព្រម​ទាំង​រូប​ឆ្លាក់​ផង ទៅ​ជា​មួយ​នឹង​គេ​ទៅ។

21 ដូច្នេះ គេ​បែរ​ចេញ​ទៅ ហើយ​គេ​ឲ្យ​កូន​ក្មេង និង​ហ្វូង​សត្វ ហើយ​នឹង​អីវ៉ាន់​ទាំង​ប៉ុន្មាន​ដើរ​ខាង​មុខ

22 កាល​បាន​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​មីកា​ហើយ នោះ​ពួក​អ្នក​នៅ​ផ្ទះ​ជិត​ខាង​មីកា ក៏​ប្រជុំ​គ្នា​ដេញ​តាម​ពួក​កូន​ចៅ​ដាន់​ឲ្យ​ទាន់

23 គេ​ស្រែក​ហៅ​ពួក​កូន​ចៅ​ដាន់ ឯ​អ្នក​ទាំង​នោះ​ក៏​ងាក​បែរ​មក​សួរ​មីកា​ថា ឯង​មាន​ហេតុ​អ្វី​បាន​ជា​ប្រមូល​គ្នា​ច្រើន​ដល់​ម៉្លេះ

24 គាត់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​បាន​នាំ​យក​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​សង្ឃ​របស់​ខ្ញុំ​មក តើ​ខ្ញុំ​នៅ​មាន​អ្វី​ទៀត ចុះ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​សួរ​ខ្ញុំ​ថា តើ​ឯង​មាន​ហេតុ​អ្វី​ដូច្នេះ

25 នោះ​ពួក​កូន​ចៅ​ដាន់​ឆ្លើយ​តប​ថា កុំ​ឲ្យ​មាន​ឮ​សំឡេង​ឯង​មក​ក្នុង​ពួក​យើង​ឡើយ ក្រែង​លោ​មាន​ពួក​អ្នក​មួម៉ៅ ស្ទុះ​ទៅ​លើ​ឯង​រាល់​គ្នា បំផ្លាញ​ជីវិត​ឯង​ទៅ ព្រម​ទាំង​ជីវិត​នៃ​ពួក​គ្រួ​ឯង​ផង

26 រួច​ពួក​កូន​ចៅ​ដាន់​ក៏​ទៅ​តាម​ផ្លូវ​គេ​ទៅ ឯ​មីកា​កាល​ឃើញ​ថា​គេ​មាន​កំឡាំង​ជាង​ខ្លួន នោះ​គាត់​ក៏​វិល​ត្រឡប់​មក​ផ្ទះ​វិញ។

កុល‌សម្ព័ន្ធ​ដាន់​នៅ​ក្រុង​ឡាអ៊ីស

27 ពួក​អ្នក​ទាំង​នោះ​គេ​នាំ​យក​របស់​ដែល​មីកា​បាន​ធ្វើ និង​សង្ឃ​របស់​គាត់ ទៅ​ដល់​ក្រុង​ឡាអ៊ីស​ជា​ទី​ដែល​មាន​មនុស្ស​រម្យ‌ទម ហើយ​សុខ​សាន្ត​នៅ រួច​គេ​សំឡាប់​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ព្រម​ទាំង​យក​ភ្លើង​ឆួល​ដុត​ទី​ក្រុង​ផង

28 ឥត​មាន​អ្នក​ណា​មក​ជួយ​គេ​ឡើយ ពី​ព្រោះ​ទី​នោះ​នៅ​ឃ្លាត​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​ពួក​នោះ​មិន​ប្រកប​គ្នា​នឹង​អ្នក​ណា​ផង ក្រុង​នោះ​នៅ​ក្នុង​វាល​ច្រក​ភ្នំ ដែល​នៅ​ជិត​បេត-រេហុប រួច​ហើយ​ពួក​កូន​ចៅ​ដាន់​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ ទុក​ជា​ទី​លំនៅ​របស់​គេ

29 ក៏​ដាក់​ឈ្មោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​អយ្យកោ​គេ ដែល​អ៊ីស្រា‌អែល​បាន​បង្កើត តែ​កាល​ពី​ដើម ក្រុង​នោះ​ឈ្មោះ​ឡាអ៊ីស​វិញ

30 ពួក​កូន​ចៅ​ដាន់​ក៏​តាំង​រូប​ឆ្លាក់​នោះ​សំរាប់​ខ្លួន​គេ ហើយ​យ៉ូណា‌ថាន ជា​កូន​គើសំម ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ ព្រម​ទាំង​កូន​ចៅ​គាត់​ធ្វើ​ជា​សង្ឃ​ដល់​ពូជ​អំបូរ​ដាន់​ត​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ពួក​ស្រុក​នោះ​ត្រូវ​គេ​និរទេស​ទៅ

31 គេ​បាន​តាំង​រូប​ឆ្លាក់​ដែល​មីកា​ធ្វើ​នោះ ទុក​សំរាប់​ពួក​គេ អស់​១​អំឡុង​ដែល​ដំណាក់​នៃ​ព្រះ​នៅ​ត្រង់​ស៊ីឡូរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21