1 រីឯគ្រាក្រោយ ដែលលោកយ៉ូស្វេ បានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលគេទូលសួរព្រះយេហូវ៉ាថា ក្នុងពួកយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ត្រូវឲ្យពួកយូដាឡើងទៅចុះ មើល អញបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃរបស់គេហើយ
3 នោះពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា សូមឡើងទៅឯស្រុកជាចំណែកខ្ញុំ ជាមួយនឹងខ្ញុំចុះ ដើម្បីច្បាំងនឹងសាសន៍កាណាន នោះយើងនឹងទៅឯស្រុក ជាចំណែករបស់បងប្អូន ជាមួយនឹងបងប្អូនដែរ ដូច្នេះពួកស៊ីម្មានក៏ព្រមទៅជាមួយ
4 ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាទ្រង់ប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្តាប់ដៃរបស់គេ នោះគេប្រហារពួកសាសន៍នោះអស់១ម៉ឺននាក់ នៅក្រុងបេសេក
5 ក៏ឃើញអ័ដូនី-បេសេកនៅក្រុងនោះ រួចច្បាំងនឹងលោក ព្រមទាំងវាយសំឡាប់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតផង
6 ឯអ័ដូនី-បេសេក បានរត់ចេញវិញ តែគេដេញតាមចាប់បានមក ហើយកាត់មេដៃមេជើងរបស់លោកចេញ
7 ខណៈនោះ អ័ដូនី-បេសេកនិយាយថា មានស្តេច៧០អង្គដែលរើសអាហារក្រោមតុខ្ញុំ មានទាំងមេដៃមេជើងកាត់ដាច់ដូច្នេះដែរ នេះគឺព្រះបានសងខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តនឹងគេហើយ រួចគេនាំលោកទៅឯក្រុងយេរូសាឡិម ហើយលោកស្លាប់នៅទីនោះទៅ។
8 ពួកកូនចៅយូដា ក៏ច្បាំងនឹងក្រុងយេរូសាឡិមដែរ ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយឆួលដុតទីក្រុងចោលផង
9 ក្រោយមកក៏ចុះទៅច្បាំងនឹងសាសន៍កាណាន ដែលនៅស្រុកភ្នំទាបៗ ស្រុកត្បូង និងស្រុកទំនាបថែមទៀត
10 រួចច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុនដែរ (រីឯក្រុងហេប្រុននោះ កាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេប្រហារសំឡាប់សេសាយ អ័ហ៊ីម៉ាន និងតាលម៉ាយបង់។
11 រួចពីនោះគេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ)
12 ឯកាលែបគាត់បានសន្យាថា បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ធ្វើជាប្រពន្ធអ្នកនោះ
13 ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនកាលែប បានទៅវាយយកបាន កាលែបក៏ឲ្យនាងអាកសា ទៅធ្វើជាប្រពន្ធគាត់ទៅ
14 កាលនាងបានចូលទៅ នោះក៏បបួលប្ដីឲ្យសូមដីពីឪពុក រួចនាងលោតចុះពីលើលាដែលនាងជិះមក ដូច្នេះ កាលែបសួរថា ដូចម្តេចហ្នឹង
15 នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
16 ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ គេចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងអើរ៉ាត ជាមួយនឹងពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយនឹងពួកអ្នកស្រុកនោះ។
17 នោះពួកយូដាក៏ទៅជាមួយនឹងពួកស៊ីម្មាន ជាបងប្អូនវិញ គេនាំគ្នាវាយសំឡាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ (រីឯទីក្រុងនោះហៅថា ហោម៉ា)
18 ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងដែនស្រុក និងអាសកាឡូន ព្រមទាំងដែនស្រុក ហើយនឹងអេក្រុន ព្រមទាំងដែនស្រុកដែរ
19 ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក
20 គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ
21 រីឯពួកកូនចៅបេនយ៉ាមីន គេមិនបានបណ្តេញពួកសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមចេញទេ សាសន៍នោះបាននៅជាមួយនឹងកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។
22 ឯពួកវង្សយ៉ូសែប គេឡើងទៅ ទាស់នឹងបេត-អែល ហើយព្រះយេហូវ៉ាក៏គង់ជាមួយនឹងគេ
23 គេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែលនោះ (រីឯទីក្រុងនោះ ពីដើមហៅថា លូស)
24 ពួកឈ្លបនោះគេបានឃើញមនុស្សម្នាក់ចេញពីទីក្រុងមក ហើយក៏សួរថា សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង នោះយើងនឹងអាណិតមេត្តាដល់អ្នក
25 អ្នកនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សំឡាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងអ្នកនោះ ព្រមទាំងគ្រួសារគាត់ ឲ្យទៅវិញ
26 អ្នកនោះក៏ទៅសង់ទីក្រុង១នៅត្រង់ស្រុកសាសន៍ហេត រួចដាក់ឈ្មោះថា ក្រុងលូស ឈ្មោះនោះក៏នៅជាប់ដរាបដល់សព្វថ្ងៃនេះ។
27 ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក និងតំបន់នៅជុំវិញ ពួកក្រុងដោរ និងតំបន់ដែលនៅជុំវិញ ពួកក្រុងយីបលាម និងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ និងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
28 តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកំឡាំងឡើង នោះគេក៏ចាប់ពួកសាសន៍កាណានឲ្យធ្វើការបំរើគេ ឥតបានបណ្តេញទាំងអស់ទេ។
29 ឯពួកអេប្រាអិម គេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរដែរ គឺពួកកាណាននោះបាននៅកេស៊ើរ ជាកណ្តាលពួកគេវិញ។
30 ឯពួកសាប់យូល៉ូន គេមិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញទេ គឺពួកសាសន៍កាណាននៅជាកណ្តាលពួកគេ ហើយក៏ទទួលព្រមធ្វើការបំរើគេ។
31 ឯពួកអេស៊ើរ គេមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ
32 គឺពួកអេស៊ើរនៅជាកណ្តាលសាសន៍កាណាន ដែលនៅស្រុកនោះវិញ ពីព្រោះគេមិនបានបណ្តេញសាសន៍នោះចេញទេ។
33 ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណាន ដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាតបានទទួលព្រមធ្វើការបំរើដល់គេ។
34 ឯពួកកូនចៅដាន់ នោះពួកសាសន៍អាម៉ូរីបានបង្ខំឲ្យគេទៅនៅស្រុកភ្នំ មិនព្រមឲ្យគេចុះមកនៅវាលច្រកភ្នំឡើយ
35 ឯពួកសាសន៍អាម៉ូរីនោះ បានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលដៃពួកវង្សយ៉ូសែបបានឈ្នះ នោះក៏បង្ក្រាបគេឲ្យទទួលព្រមធ្វើការបំរើវិញ
36 ឯព្រំស្រុករបស់សាសន៍អាម៉ូរី នោះចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺពីថ្មដាឡើងទៅលើ។