ចៅហ្វាយ 20 KHOV

កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​ទោស​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន

1 នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ចេញ​ពី​ស្រុក​គេ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា

2 ឯ​ពួក​មេ‌ទ័ព​ក្នុង​បណ្តា‌ជន​ទាំង​ប៉ុន្មាន គឺ​ជា​មេ‌ទ័ព​នៃ​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ គេ​ក៏​ចេញ​មុខ​ឡើង ក្នុង​ជំនុំ​ពួក​បណ្តា‌ជន​នៃ​ព្រះ មាន​ពល​ថ្មើរ​ជើង ដែល​កាន់​ដាវ​៤​សែន​នាក់

3 (រីឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​មក​ដល់​មីសប៉ា​ដែរ) ពួក​កូន​ចៅ​អ៊ីស្រា‌អែល​សួរ​ថា សូម​ប្រាប់​ឲ្យ​យើង​ដឹង ជា​អំពើ​ដ៏​លាមក​នេះ​បាន​កើត​មក​ជា​យ៉ាង​ណា

4 នោះ​ពួក​លេវី​ជា​ប្ដី​នាង ដែល​គេ​បាន​សំឡាប់​នោះ គាត់​ឆ្លើយ​ថា ខ្ញុំ​នឹង​ប្រពន្ធ​ចុង​របស់​ខ្ញុំ បាន​ចូល​ទៅ​ក្នុង​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ា‌មីន ដើម្បី​នឹង​ស្នាក់​នៅ

5 ស្រាប់​តែ​ពួក​មនុស្ស​នៅ​គីបៀរ គេ​លើក​គ្នា​ទាំង​យប់ មក​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​នៅ ទាស់​នឹង​ខ្ញុំ គេ​គិត​សំឡាប់​ខ្ញុំ ក៏​បាន​ចាប់​បង្ខំ​ប្រពន្ធ​ចុង​របស់​ខ្ញុំ ហើយ​នាង​បាន​ស្លាប់​ទៅ

6 ដូច្នោះ​ហើយ ខ្ញុំ​បាន​យក​ខ្មោច​នាង​មក កាត់​ជា​កំណាត់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក ដែល​ជា​មរដក​របស់​សាសន៍​អ៊ីស្រា‌អែល ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​អាស‌អាភាស ហើយ​លាមក​របស់​គេ​ក្នុង​ពួក​អ៊ីស្រា‌អែល​យើង​នេះ

7 ដូច្នេះ​អ្នក​រាល់​គ្នា​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​អើយ សូម​បញ្ចេញ​គំនិត​របស់​អ្នក​រាល់​គ្នា​មក ហើយ​សំរេច​សេចក្ដី​ចុះ។

8 គ្រា​នោះ មនុស្ស​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ព្រម​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ដោយ​ពាក្យ​ថា ក្នុង​ពួក​យើង​គ្មាន​អ្នក​ណា​មួយ នឹង​ត្រឡប់​ទៅ​ទី​លំនៅ​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្លួន​វិញ​ឡើយ

9 គឺ​យើង​នឹង​ធ្វើ​ដល់​ពួក​គីបៀរ​យ៉ាង​ដូច្នេះ យើង​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ ដោយ​ចាប់​ឆ្នោត

10 យើង​នឹង​យក​១០​នាក់​ក្នុង​១០០ ហើយ​១០០​នាក់​ក្នុង​១​ពាន់ និង​១​ពាន់​នាក់​ក្នុង​១​ម៉ឺន ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ទៅ​រក​ស្បៀង​អាហារ​សំរាប់​យើង ប្រយោជន៍​ឲ្យ​យើង​ទៅ​ធ្វើ​ដល់​ពួក​គីបៀរ របស់​ពួក​បេន‌យ៉ា‌មីន តាម​អំពើ​ដ៏​លាមក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​ពួក​អ៊ីស្រា‌អែល​យើង​នេះ

11 ដូច្នេះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មូល​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ទាស់​នឹង​ទី​ក្រុង​នោះ។

12 ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ចាត់​សារ​ឲ្យ​ទៅ​គ្រប់​ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​សួរ​ថា តើ​អំពើ​អាក្រក់​យ៉ាង​ណា​នេះ ដែល​បាន​កើត​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា

13 ដូច្នេះ ចូរ​ប្រគល់​ពួក​មនុស្ស​គំរក់​នោះ ដែល​នៅ​ក្រុង​គីបៀរ​មក ឲ្យ​យើង​រាល់​គ្នា​បាន​សំឡាប់​គេ​ចោល​ទៅ ដើម្បី​នឹង​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​អ៊ីស្រា‌អែល​ចេញ តែ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន មិន​ព្រម​ស្តាប់​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​គេ​ទេ

14 ហើយ​ក៏​ចេញ​ពី​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន ទៅ​មូល​គ្នា​ត្រង់​គីបៀរ ដើម្បី​នឹង​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

15 នៅ​ថ្ងៃ​នោះ គេ​រាប់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ ឃើញ​មាន​២​ម៉ឺន​៦​ពាន់​នាក់​ដែល​កាន់​ដាវ ក្រៅ​ពី​ពួក​គីបៀរ​៧០០​នាក់ ដែល​ជា​មនុស្ស​ជ្រើស‌រើស​គ្រប់​គ្នា

16 ក្នុង​ពួក​គេ​ទាំង​នោះ មាន​មនុស្ស​ជ្រើស‌រើស​៧០០​នាក់ ដែល​ប្រើ​ការ​ខាង​ដៃ​ឆ្វេង​គ្រប់​គ្នា​អាច​បាញ់​ដោយ​ក្រួស ត្រូវ​ដល់​សក់​១​សរសៃ​បាន​ឥត​ខុស​ឡើយ។

17 ឯ​ពួក​អ៊ីស្រា‌អែល ដែល​ក្រៅ​ពី​ពួក​បេន‌យ៉ា‌មីន​នោះ​មាន​៤​សែន​នាក់​ដែល​កាន់​ដាវ សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ចំបាំង

18 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ក្រោក​ឡើង ដើរ​ទៅ​ឯ​បេត-អែល ដើម្បី​នឹង​ទូល​សួរ​ដល់​ព្រះ​ថា ក្នុង​ពួក​យើង​ខ្ញុំ​រាល់​គ្នា តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​មុន​គេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ​ចុះ។

19 ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​ទាស់​នឹង​គីបៀរ

20 គេ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​បេន‌យ៉ា‌មីន ក៏​ដំរៀប​ទ័ព​ទាស់​នឹង​គេ​នៅ​មុខ​ទី​ក្រុង

21 ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​ក៏​ចេញ​ពី​គីបៀរ មក​បំផ្លាញ​ពួក​អ៊ីស្រា‌អែល អស់​២​ម៉ឺន​២​ពាន់​នាក់ ឲ្យ​ស្លាប់​ចង្គ្រាង​នៅ​លើ​ដី​ក្នុង​ថ្ងៃ​នោះ​ឯង

22 តែ​បណ្តា‌ទ័ព​ខាង​ពួក​អ៊ីស្រា‌អែល គេ​តាំង​ចិត្ត​ឡើង​ទៅ​ដំរៀប​ទ័ព​ម្តង​ទៀត​នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន

23 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ឡើង​ទៅ​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច ទាំង​ទូល​សួរ​ទ្រង់​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ជា​បង​ប្អូន​ទូល‌បង្គំ​ម្តង​ទៀត​ឬ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​គេ​ចុះ។

24 ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចូល​ទៅ​ជិត​ទី​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​នៅ​ថ្ងៃ​ទី​២

25 ហើយ​នៅ​ថ្ងៃ​នោះ​ឯង ពួក​បេន‌យ៉ា‌មីន បាន​ចេញ​ពី​គីបៀរ​មក​ត​តាំង​គ្នា គេ​បំផ្លាញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អស់​ចំនួន​១​ម៉ឺន​៨​ពាន់​នាក់ ឲ្យ​នៅ​ចង្គ្រាង​លើ​ដី ពួក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​កាន់​ដាវ

26 នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​បណ្តា​ទ័ព​ទាំង​អស់ ក៏​ឡើង​ទៅ​ឯ​បេត-អែល អង្គុយ​យំ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​ក្នុង​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច គេ​ក៏​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ

27 រួច​គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា (ដ្បិត​ក្នុង​គ្រា​នោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ក៏​នៅ​ទី​នោះ

28 ហើយ​ភីនេ‌ហាស​ជា​កូន​អេលាសារ ជា​ពូជ​អើរ៉ុន លោក​ឈរ​នៅ​មុខ​ហឹប​នៅ​ជាន់​នោះ​ដែរ) គឺ​គេ​សួរ​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ជា​បង​ប្អូន​ទូល‌បង្គំ​ម្តង​ទៀត​ឬ​ត្រូវ​ឈប់​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ។

29 ពួក​អ៊ីស្រា‌អែល​គេ​បង្កប់​ទ័ព នៅ​ព័ទ្ធ​ជុំវិញ​គីបៀរ

30 រួច​ឡើង​ទៅ​ទាស់​នឹង​ពួក​បេន‌យ៉ា‌មីន នៅ​ថ្ងៃ​ទី​៣​ទៀត គេ​ដំរៀប​ទ័ព​ទាស់​នឹង​គីបៀរ​ដូច​កាល​ជាន់​មុន

31 ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​ក៏​ចេញ​មក​ត​តាំង​គ្នា ហើយ​ត្រូវ​ប្រទាញ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គេ​ចាប់​តាំង​សំឡាប់​ពួក​អ៊ីស្រា‌អែល ដូច​ជា​សព្វ​១​ដង ទាំង​អស់​ចំនួន​ប្រហែល​ជា​៣០​នាក់ គឺ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​បេត-អែល​១ និង​ផ្លូវ​ដែល​ទៅ​ឯ​គីបៀរ​១ ព្រម​ទាំង​នៅ​វាល​ផង

32 ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​និយាយ​គ្នា​ថា យើង​វាយ​សំឡាប់​គេ​បាន​ដូច​ជាន់​មុន​ទៀត តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​និយាយ​ប្រាប់​គ្នា​ថា ចូរ​យើង​រត់​នាំ​ប្រទាញ​គេ​មក​ក្នុង​ផ្លូវ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ

33 នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ងើប​ពី​កន្លែង​រៀង​ខ្លួន​ទៅ​ដំរៀប​ទ័ព​នៅ​ត្រង់​បាល-តាម៉ារ ឯ​ពួក​ទ័ព​បង្កប់​របស់​ពួក​អ៊ីស្រា‌អែល ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ នៅ​ត្រង់​វាល​ស្មៅ​គីបៀរ​ដែរ

34 មាន​ពួក​មនុស្ស​ជ្រើស‌រើស​ពី​សាសន៍​អ៊ីស្រា‌អែល ទាំង​អស់​ចំនួន​១​ម៉ឺន​នាក់ ចូល​ទៅ​ទាស់​នឹង​គីបៀរ ហើយ​ចំបាំង​នោះ​ក៏​ជា​សំបើម​ខ្លាំង​ណាស់ តែ​ពួក​បេន‌យ៉ា‌មីន ឥត​ដឹង​ខ្លួន ជា​មាន​សេចក្ដី​អន្តរាយ​ជិត​ដល់​គេ​ទេ

35 ព្រះ‌យេហូវ៉ា​ក៏​ប្រហារ​ពួក​បេន‌យ៉ា‌មីន​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ថ្ងៃ​នោះ​ឯង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បំផ្លាញ​ពួក​បេន‌យ៉ា‌មីន​អស់​ចំនួន​២​ម៉ឺន​៥​ពាន់​១​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។

36 ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ក៏​ឃើញ​ថា ខ្លួន​គេ​ចាញ់​ហើយ ពី​ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​ថយ​ចេញ​ពី​ពួក​បេន‌យ៉ា‌មីន ដោយ​ទុក​ចិត្ត​នឹង​ពួក​ទ័ព​បង្កប់ ដែល​គេ​បាន​ដាក់​ឲ្យ​ទាស់​នឹង​ក្រុង​គីបៀរ

37 ពួក​ទ័ព​បង្កប់​ក៏​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គីបៀរ​ជា​ប្រញាប់ គេ​ដំរង់​ទៅ​មុខ វាយ​សំឡាប់​ពួក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ

38 ឯ​បណ្តា​ពួក​ទ័ព និង​ទ័ព​បង្កប់ គេ​បាន​សន្យា​គ្នា​នឹង​ទី​សំគាល់​នេះ គឺ​ត្រូវ​ឲ្យ​ដុត​ភ្លើង​ធ្វើ​ផ្សែង​ឲ្យ​ហុយ​ឡើង​យ៉ាង​ក្រាស់ ចេញ​ពី​ទី​ក្រុង

39 ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​បែរ​មុខ​ចេញ​ពី​ចំបាំង ហើយ​ពួក​បេន‌យ៉ា‌មីន​ចាប់​តាំង​កាប់​សំឡាប់​ពួក​គេ អស់​ប្រហែល​ជា​៣០​នាក់ ដោយ​ស្មាន​ថា វាយ​សំឡាប់​បាន​ដូច​ជា​ក្នុង​ចំបាំង​ជាន់​មុន

40 តែ​លុះ​កាល​ភ្លើង​ឆេះ​ហុយ​ផ្សែង​ចេញ​ពី​ទី​ក្រុង​ឡើង នោះ​ពួក​បេន‌យ៉ា‌មីន គេ​បែរ​មើល​ទៅ​ក្រោយ ឃើញ​ទី​ក្រុង​ទាំង​មូល​ហុយ​សុទ្ធ​តែ​ផ្សែង​ទៅ​លើ​មេឃ

41 នោះ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​បែរ​មក​វិញ ហើយ​ពួក​បេន‌យ៉ា‌មីន​ក៏​ភាំង​ស្លុត ដោយ​ឃើញ​ថា សេចក្ដី​អន្តរាយ​មក​ដល់​គេ​ហើយ

42 ដូច្នេះ គេ​ក៏​បែរ​ខ្នង​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ប្រាស​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ តែ​ពួក​ដែល​វាយ​គេ​ចេះ​តែ​ដេញ​តាម​យ៉ាង​ប្រកិត ហើយ​ពួក​ទ័ព​ដែល​ចេញ​ពី​ទី​ក្រុង ក៏​បំផ្លាញ​គេ នៅ​ត្រង់​កណ្តាល

43 គេ​ព័ទ្ធ​ពួក​បេន‌យ៉ា‌មីន​ជុំវិញ ព្រម​ទាំង​ដេញ​តាម​ហើយ​ជាន់​គេ នៅ​ក្រោម​ជើង​ដោយ​ងាយ រហូត​ដល់​ទល់​មុខ​នឹង​គីបៀរ​ទិស​ខាង​កើត

44 នោះ​មាន​ពួក​បេន‌យ៉ា‌មីន​១​ម៉ឺន​៨​ពាន់​នាក់​បាន​ដួល​ស្លាប់ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

45 រួច​គេ​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​ឈ្មោះ​រីម៉ូន ហើយ​ពួក​ម្ខាង​ក៏​វាយ​សំឡាប់​ម្នាក់ៗ រៀង​តាម​ផ្លូវ អស់​៥​ពាន់​នាក់​ទៀត ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សំឡាប់​បាន​២​ពាន់​នាក់​ថែម​ទៀត

46 បាន​ជា​ពួក​បេន‌យ៉ា‌មីន​ដែល​ដួល​ស្លាប់​ថ្ងៃ​នោះ រួម​ទាំង​អស់​មាន​២​ម៉ឺន​៥​ពាន់​នាក់ សុទ្ធ​តែ​ជា​អ្នក​ក្លាហាន​ដែល​កាន់​ដាវ​គ្រប់​គ្នា

47 ប៉ុន្តែ មាន​៦០០​នាក់ បាន​ងាក​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​រីម៉ូន ក៏​ជ្រក​នៅ​ក្នុង​ថ្មដា​នោះ អស់​៤​ខែ

48 រួច​ពួក​អ៊ីស្រា‌អែល​គេ​វិល​ត្រឡប់​ទៅ​ក្រោយ សំឡាប់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ដោយ​មុខ​ដាវ គឺ​សំឡាប់​ទាំង​ពួក​អ្នក​នៅ​ទី​ក្រុង​ទាំង​អស់ និង​ពួក​សត្វ ហើយ​នឹង​របស់​អ្វីៗ​ដែល​ប្រទះ​ឃើញ​ទាំង​អស់​ផង រួច​គេ​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21