ចៅហ្វាយ 16 KHOV

សាំសុន​នៅ​ក្រុង​កាសា

1 លំដាប់​នោះ​សាំសុន​ទៅ​ឯ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​សំផឹង​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង

2 មាន​គេ​ប្រាប់​ដល់​ពួក​ក្រុង​កាសា​ថា សាំសុន​បាន​មក​ហើយ គេ​ក៏​ព័ទ្ធ​ទី​ជុំវិញ លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង​រហូត​ទាល់​ភ្លឺ គេ​នៅ​សំងំ​ពេញ​១​យប់​នោះ ដោយ​សន្យា​គ្នា​ថា ដល់​ភ្លឺ​ឡើង​យើង​នឹង​សំឡាប់​វា​ចេញ

3 តែ​សាំសុន​គាត់​ដេក ទាល់​តែ​ដល់​ពាក់​កណ្តាល​អធ្រាត្រ រួច​ក្រោក​ឡើង ចាប់​យក​សន្លឹក​ទ្វារ​ទី​ក្រុង កន្ត្រាក់​ទាញ​បង្គោល​ទាំង​២ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​មុខ​ហេប្រុន​ទៅ។

នាង​ដេលីឡា​ក្បត់​សាំសុន

4 ក្រោយ​មក​ទៀត គាត់​មាន​ស្រឡាញ់​ស្ត្រី​ម្នាក់​នៅ​ច្រក​ភ្នំ​សូរេក នាង​នោះ​ឈ្មោះ​ដេលីឡា

5 ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​ទៅ​បបួល​នាង​ថា ចូរ​លួង‌លោម​វា​មើល ដែល​វា​មាន​កំឡាំង​ខ្លាំង​ម៉្លេះ​ពី​ណា​មក ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈ្នះ​វា ដើម្បី​នឹង​ចាប់​ចង​បង្ក្រាប​វា​ទៅ​បាន នោះ​យើង​គ្រប់​គ្នា​នឹង​ឲ្យ​ប្រាក់​១១០០​ម្នាក់​ដល់​នាង

6 រួច​ដេលីឡា​ក៏​ល្បួង​សាំសុន​ថា សូម​ប្រាប់​ខ្ញុំ​ដែល​អ្នក​មាន​កំឡាំង​ជា​ខ្លាំង​ម៉្លេះ​ពី​ណា​មក តើ​យក​អ្វី​នឹង​ចង​បង្ក្រាប​អ្នក​បាន

7 នោះ​សាំសុន​ឆ្លើយ​តប​ថា បើ​គេ​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត មក​ចង​អញ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ

8 ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលីស្ទីន ក៏​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត​មក​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ចង​គាត់

9 រីឯ​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​មាន​មនុស្ស​បង្កប់​ខ្លួន​ចាំ ខណៈ​នោះ​នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​អ្នក​ហើយ តែ​គាត់​បណ្តាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង ដូច្នេះ គ្មាន​អ្នក​ណា​ដឹង ជា​គាត់​មាន​កំឡាំង​ប៉ុណ្ណា​ទេ។

10 នោះ​ដេលីឡា​និយាយ​នឹង​សាំសុន​ថា មើល បង​បាន​បញ្ឆោត​ខ្ញុំ ដោយ​ពោល​សុទ្ធ​តែ​ពាក្យ​ភរ‌ភូត​វិញ ម្តង​នេះ​សូម​ប្រាប់​ដល់​ខ្ញុំ តើ​នឹង​យក​អ្វី​មក​ចង​បង​ឲ្យ​ជាប់​បាន

11 គាត់​ឆ្លើយ​ថា បើ​គ្រាន់​តែ​ចង​អញ ដោយ​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​ការ​សោះ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ

12 ដូច្នេះ ដេលីឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ ឯ​ពួក​អ្នក​ដែល​បង្កប់​ខ្លួន ក៏​នៅ​ចាំ​ឰដ៏​បន្ទប់​ខាង​ក្នុង គាត់​បណ្តាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ គណនា​ដូច​ជា​អំបោះ​១​សរសៃ​សុទ្ធ។

13 ដេលីឡា​និយាយ​នឹង​សាំសុន​ថា តាំង​ពី​ដើម​ដល់​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ដោយ​និយាយ​ភូត‌ភរ​ដដែល ចូរ​ប្រាប់​មក​ខ្ញុំ តើ​ត្រូវ​យក​អ្វី​ចង​បង​ឲ្យ​ជាប់​បាន គាត់​ឆ្លើយ​ថា ឲ្យ​ឯង​គ្រាន់​តែ​ក្រង​សក់​ក្បាល​អញ​ទាំង​៧​កំរង​ជាប់​ជា​១​នឹង​អំបោះ​អន្ទង​ទៅ

14 នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។

15 នោះ​នាង​និយាយ​នឹង​គាត់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា បង​ស្រឡាញ់​ដល់​ខ្ញុំ​បាន បើ​ចិត្ត​បង​ទីទៃ​ពី​គ្នា​ដូច្នេះ បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​៣​ដង​នេះ​ហើយ ឥត​ប្រាប់​ពី​ដំណើរ​ដែល​បង​មាន​កំឡាំង​ខ្លាំង​ទាំង​ម៉្លេះ​ពី​ណា​មក​សោះ

16 រួច​មក ដោយ​នាង​ចេះ​តែ​រំអុក​បង្ខំ​រាល់​តែ​ថ្ងៃ ដោយ​ពាក្យ​សំដី​នាង បាន​ជា​គាត់​មាន​ចិត្ត​ព្រួយ​សឹង​តែ​នឹង​ស្លាប់

17 ហើយ​ក៏​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​នាង​ថា មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​អញ​ឡើយ ដ្បិត​អញ​ជា​ពួក​ន៉ាសារីត​ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក បើ​កោរ​សក់​អញ​ហើយ នោះ​កំឡាំង​នឹង​ថយ​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត។

18 កាល​ដេលីឡា​ឃើញ​ថា គាត់​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដូច្នោះ នោះ​នាង​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​មក ដោយ​ពាក្យ​ថា សូម​ឡើង​មក​តែ​ម្តង​នេះ​ទៀត​ចុះ ដ្បិត​វា​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​ខ្ញុំ​ហើយ ដូច្នេះ​ពួក​មេ​ក៏​ឡើង​មក​ឯ​នាង ព្រម​ទាំង​យក​ប្រាក់​នោះ​មក​ផង

19 ខណៈ​នោះ​នាង​បាន​ផ្តេក​គាត់​ឲ្យ​លក់​នៅ​លើ​ភ្លៅ រួច​នាង​ហៅ​ម្នាក់​មក​ឲ្យ​កោរ​កំរង​ទាំង​៧​ពី​លើ​ក្បាល​គាត់​ចេញ នោះ​នាង​ចាប់​តាំង​ធ្វើ​ទុក្ខ​ដល់​គាត់ ហើយ​កំឡាំង​ក៏​ថយ​ចេញ​ពី​គាត់​ទៅ

20 រួច​នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ គាត់​ក៏​ភ្ញាក់​ពី​ដេក​ឡើង នឹក​ថា អញ​នឹង​ចេញ​ទៅ​រលាស់​ខ្លួន ដូច​ជា​សព្វ​១​ដង តែ​គាត់​មិន​ដឹង ជា​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ខ្លួន​ទេ

21 លំដាប់​នោះ​ពួក​ភីលីស្ទីន​ក៏​មក​ចាប់​គាត់ ចាក់​ឲ្យ​ខ្វាក់​ភ្នែក រួច​នាំ​ចុះ​ទៅ​ឯ​ក្រុង​កាសា ដល់​ហើយ​ក៏​យក​ច្រវាក់​លង្ហិន​មក​ដាក់​គាត់ រួច​គាត់​ត្រូវ​បង្វិល​ត្បាល់‌កិន​នៅ​ក្នុង​គុក

22 ប៉ុន្តែ ក្រោយ​ដែល​គេ​បាន​កោរ នោះ​សក់​ក៏​ចាប់​តាំង​លាស់​ឡើង​វិញ។

ការ​សង‌សឹក​ចុង​ក្រោយ និង​មរណ‌ភាព​របស់​សាំសុន

23 គ្រា​នោះ ពួក​មេ​សាសន៍​ភីលីស្ទីន ក៏​ប្រមូល​គ្នា​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន ជា​ព្រះ​នៃ​គេ ហើយ​នាំ​គ្នា​សប្បាយ​ឡើង ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ

24 កាល​ពួក​បណ្តា‌ជន​បាន​ឃើញ​គាត់ នោះ​គេ​សរសើរដល់​ព្រះ​របស់​គេ​ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ព្រម​ទាំង​សំឡាប់​ពួក​យើង​ជា​ច្រើន​ផង​នោះ

25 កាល​ចិត្ត​គេ​បាន​អរ​សប្បាយ​ឡើង​ហើយ នោះ​គេ​ប្រាប់​ថា ចូរ​នាំ​សាំសុន​មក​ឡក​ត្លុក​ឲ្យ​យើង​មើល​លេង គេ​ក៏​ហៅ​សាំសុន​ចេញ​ពី​ក្នុង​គុក​មក ហើយ​គាត់​ក៏​ឡក​ត្លុក​នៅ​មុខ​គេ គេ​ដាក់​គាត់​នៅ​ជា​កណ្តាល​នៃ​សសរ​រោង

26 នោះ​សាំសុន​សូម​ដល់​ក្មេង ដែល​ដឹក​ដៃ​គាត់​ថា សូម​បើក​ឲ្យ​ខ្ញុំ​ពាល់​សសរ​ដែល​ទ្រ​រោង​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​ទៅ​លើ​បន្តិច

27 រីឯ​រោង​នោះ​មាន​ពេញ​ណែន ដោយ​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​អស់ ក៏​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ប្រហែល​ជា​៣​ពាន់​នាក់​ទៀត​នៅ​មើល​សាំសុន ពី​លើ​ដំបូល កំពុង​ដែល​គាត់​ឡក​ត្លុក

28 គ្រា​នោះ​សាំសុន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ឲ្យ​ទូល‌បង្គំ​តែ​ម្តង​ណេះ​ចុះ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង‌សឹក ដល់​ពួក​សាសន៍​ភីលីស្ទីន ដោយ​ព្រោះ​ភ្នែក​ទូល‌បង្គំ​ទាំង​២​តែ​ម្តង

29 នោះ​សាំសុន​ក៏​ចាប់​សសរ​ទាំង​២ ដែល​ទ្រ​នៅ​ជា​កណ្តាល​រោង​នោះ ដោយ​ដៃ​ស្តាំ​ម្ខាង ហើយ​ដោយ​ដៃ​ឆ្វេង​ម្ខាង

30 រួច​គាត់​ថា សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​នឹង​ពួក​ភីលីស្ទីន​ចុះ នោះ​គាត់​ប្រឹង​រួប​យោល​ខ្លួន​ពេញ​កំឡាំង ហើយ​រោង​នោះ​បាន​រលំ​មក​លើ​ពួក​មេ ព្រម​ទាំង​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​នោះ​ផង ដូច្នេះ ពួក​មនុស្ស​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​កាល​ដែល​គាត់​ស្លាប់​ទៅ នោះ​មាន​ច្រើន​ជាង​ពួក​អ្នក ដែល​គាត់​បាន​សំឡាប់​ពី​កាល​នៅ​រស់​ទៅ​ទៀត

31 ឯ​បង​ប្អូន និង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​អស់ គេ​ចុះ​ទៅ​សែង​ខ្មោច​គាត់​ឡើង​មក ក៏​បញ្ចុះ​នៅ​ក្នុង​ទី​កប់​ខ្មោច​របស់​ម៉ាណូអា ជា​ឪពុក នៅ​ជា​កណ្តាល​សូហារ និង​អែស‌ថោល គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​២០​ឆ្នាំ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21