ចៅហ្វាយ 14 KHOV

អាពាហ៍‌ពិពាហ៍​របស់​សាំសុន

1 សាំសុន​គាត់​ចុះ​ទៅ​ឯ​ក្រុង​ធីមណា ហើយ​នៅ​ទី​នោះ គាត់​ឃើញ​ស្ត្រី​ម្នាក់​ក្នុង​ពួក​ស្រី​ក្រមុំ​របស់​សាសន៍​ភីលីស្ទីន

2 រួច​ត្រឡប់​មក​ប្រាប់​ដល់​ឪពុក​ម្តាយ​ថា ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​នៅ​ធីមណា ក្នុង​ពួក​ស្រី​ក្រមុំ​របស់​ពួក​សាសន៍​ភីលីស្ទីន ដូច្នេះ​សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ឥឡូវ

3 តែ​ឪពុក​ម្តាយ​ប្រកែក​ថា ក្នុង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ជា​វង្ស​ញាតិ​ឯង ក្នុង​សាសន៍​អញ​នេះ តើ​គ្មាន​អ្នក​ណា​មួយ​ទេ​ឬ​អី បាន​ជា​ឯង​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលីស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​វិញ សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ពី​ព្រោះ​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់

4 ឪពុក​ម្តាយ​គាត់​មិន​បាន​ដឹង ជា​ការ​នោះ​កើត​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ទ្រង់​រក​ឱកាស​ទាស់​នឹង​ពួក​ភីលីស្ទីន រីឯ​នៅ​ជាន់​នោះ ពួក​សាសន៍​ភីលីស្ទីន​គេ​កាន់​កាប់​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រា‌អែល។

5 លំដាប់​នោះ សាំសុន​ក៏​ចុះ​ទៅ​ឯ​ធីមណា​ជា​មួយ​នឹង​ឪពុក​ម្តាយ លុះ​បាន​ដល់​មក​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ធីមណា នោះ​ឃើញ​មាន​សិង្ហ​ស្ទាវ​១ ចេញ​មក​គ្រហឹម​ដាក់​គាត់

6 ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​គាត់​ចាប់​ហែក​សិង្ហ​នោះ ដូច​ជា​គេ​ហែក​កូន​ពពែ តែ​គាត់​គ្មាន​អ្វី​នៅ​ដៃ​សោះ រឿង​នោះ​គាត់​មិន​បាន​ប្រាប់​ដល់​ឪពុក​ម្តាយ​ទេ

7 រួច​សាំសុន​ចុះ​ទៅ​និយាយ​នឹង​នាង​នោះ ហើយ​នាង​ក៏​ពេញ​ចិត្ត​ដល់​គាត់​ណាស់

8 ក្រោយ​បន្តិច​គាត់​ក៏​ត្រឡប់​មក ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ ក៏​បែរ​ទៅ​មើល​ខ្មោច​សិង្ហ​នោះ ឃើញ​ថា​មាន​សំបុក​ឃ្មុំ ពេញ​ដោយ​ទឹក នៅ​ក្នុង​ខ្មោច​សិង្ហ​នោះ

9 គាត់​ក៏​ច្បាម‌យក​សំបុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិភោគ​តាម​ផ្លូវ​បណ្តើរ ដរាប​ដល់​មក​ជួប​នឹង​ឪពុក​ម្តាយ រួច​ក៏​ជូន​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ពី​ការ​ដែល​យក​សំបុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។

សាំសុន​ចោទ​ប្រស្នា​ដល់​ពួក​ភីលីស្ទីន

10 ឪពុក​គាត់​ក៏​ចុះ​ទៅ​ឯ​ផ្ទះ​នៃ​ស្ត្រី​នោះ ដល់​ហើយ​សាំសុន​ក៏​ចាត់‌ចែង​រៀប​ជប់‌លៀង តាម​ទំនៀម‌ទំលាប់​នៃ​ពួក​កំឡោះ

11 លុះ​គេ​ទទួល​គាត់​ស្រេច​ហើយ នោះ​ក៏​ដំរូវ​មនុស្ស​៣០​នាក់ ឲ្យ​មក​កំដរ​គាត់

12 ឯ​សាំសុន​គាត់​និយាយ​ទៅ​គេ​ថា សូម​ឲ្យ​ខ្ញុំ​ចោទ​ជា​ប្រស្នា​ដល់​អ្នក​រាល់​គ្នា​បន្តិច បើ​សិន​ជា​អ្នក​រាល់​គ្នា​រក​ពាក្យ​ឆ្លើយ​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ​បាន ក្នុង​រវាង​៧​ថ្ងៃ​ដែល​ជប់‌លៀង​នេះ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​ទ្រនាប់ និង​សំលៀក‌បំពាក់​១​បន្លាស់​ម្នាក់ៗ

13 តែ​បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នេះ​មិន​បាន នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​អាវ​ទ្រនាប់ និង​សំលៀក‌បំពាក់​១​បន្លាស់​ម្នាក់​ដល់​ខ្ញុំ​វិញ គេ​ឆ្លើយ​ឡើង​ថា ដូច្នេះ​សូម​ឲ្យ​អ្នក​ចោទ​ប្រស្នា​នោះ​ដល់​យើង​រាល់​គ្នា​ចុះ

14 គាត់​ក៏​ចោទ​ថា «ពី​អា​ហែក​ស៊ី​មាន​ចេញ​ជា​ចំណី ហើយ​មាន​បង្អែម​ចេញ​ពី​អា​ខ្លាំង​ពូកែ» គេ​ខំ​រក​ន័យ​របស់​ប្រស្នា​នោះ អស់​៣​ថ្ងៃ​មិន​ឃើញ​សោះ។

15 ដល់​ថ្ងៃ​ទី​៧​គេ​ទៅ​កំហែង​ប្រពន្ធ​សាំសុន​ថា ចូរ​នាង​លួង‌លោម​ប្ដី ឲ្យ​ស្រាយ​ប្រស្នា​ដល់​យើង​ទៅ ប្រយ័ត្ន​ក្រែង​យើង​ដុត​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​នឹង​ភ្លើង តើ​បាន​ហៅ​យើង​មក ដើម្បី​នឹង​ប្លន់​យើង​ឬ​អី

16 ដូច្នេះ ប្រពន្ធ​សាំសុន​ក៏​យំ​នៅ​មុខ​ប្ដី​ថា បង​ស្អប់​ដល់​ខ្ញុំ​ហើយ មិន​ស្រឡាញ់​ខ្ញុំ​ទេ បង​បាន​ចោទ​ប្រស្នា ដល់​ពួក​កូន​ចៅ​សាសន៍​ខ្ញុំ តែ​មិន​បាន​ស្រាយ​ប្រាប់​ខ្ញុំ​សោះ គាត់​ឆ្លើយ​ទៅ​នាង​ថា អញ​មិន​បាន​ស្រាយ​ប្រាប់​ដល់​ទាំង​ឪពុក​ម្តាយ​អញ​ផង ដូច្នេះ​តើ​ត្រូវ​ស្រាយ​ប្រាប់​ដល់​ឯង​ឬ​អី

17 នាង​ក៏​យំ​នៅ​មុខ​គាត់ ទាំង​៧​ថ្ងៃ​ដែល​ជប់‌លៀង​នោះ លុះ​គ្រប់​៧​ថ្ងៃ​ហើយ នោះ​គាត់​ក៏​ស្រាយ​ប្រាប់​ដល់​នាង ពី​ព្រោះ​នាង​បាន​រំអុក​គាត់​ណាស់ រួច​នាង​ក៏​ទៅ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន

18 ក្នុង​ថ្ងៃ​ទី​៧​មុន​ដែល​ថ្ងៃ​លិច នោះ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង ក៏​ឆ្លើយ​តប​មក​គាត់​ថា តើ​មាន​អ្វី​ដែល​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​តើ​មាន​អ្វី​ដែល​ខ្លាំង​ជាង​សត្វ​សិង្ហ នោះ​គាត់​ឆ្លើយ​ទៅ​វិញ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​រក​ន័យ​របស់​ប្រស្នា​ខ្ញុំ​មិន​ឃើញ​ទេ

19 រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សំឡាប់​មនុស្ស​៣០​នាក់ យក​អាវ​ខោ​របស់​គេ រួច​ចែក​សំលៀក‌បំពាក់​នោះ​ដល់​ពួក​អ្នក ដែល​បាន​ស្រាយ​ប្រស្នា សាំសុន​មាន​សេចក្ដី​កំហឹង​ក្តៅ​ឡើង ហើយ​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​ឪពុក​វិញ

20 ឯ​គេ​ក៏​លើក​ប្រពន្ធ​គាត់​ឲ្យ​ទៅ​អ្នក​១​នោះ​ដែល​បាន​កំដរ​គាត់​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21