ចៅហ្វាយ 12:1-4 KHOV

1 រីឯ​ពួក​អេប្រា‌អិម គេ​ក៏​ប្រមូល​គ្នា ដើរ​ទៅ​ខាង​ជើង បន្ទោស​ដល់​យែបថា​ថា ហេតុ​អ្វី​បាន​ជា​ឯង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ឥត​ហៅ​យើង​ឲ្យ​ទៅ​ជា​មួយ​ផង​ដូច្នេះ យើង​នឹង​ដុត​ផ្ទះ​ឯង​ឥឡូវ ព្រម​ទាំង​ឯង​នៅ​ក្នុង​ផង

2 យែបថា​ឆ្លើយ​ទៅ​គេ​ថា អញ​ហើយ​នឹង​ពួក​អញ​នេះ មាន​ហេតុ​ទាស់‌ទែង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្លាំង អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា​ដែរ តែ​ឯង​មិន​បាន​ជួយ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ទេ

3 ដូច្នេះ កាល​អញ​ឃើញ​ថា ឯង​រាល់​គ្នា​មិន​ជួយ​អញ​ទេ នោះ​អញ​បាន​ប្រថុយ​ជីវិត​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ឡើង​មក​ត​នឹង​អញ​នៅ​ថ្ងៃ​នេះ​ដូច្នេះ

4 យែបថា​ក៏​ប្រមូល​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាត ទៅ​តស៊ូ​នឹង​ពួក​អេប្រា‌អិម ពួក​កាឡាត​បាន​វាយ​ពួក​អេប្រា‌អិម ដោយ​ព្រោះ​គេ​ថា ពួក​កាឡាត​ឯង​រាល់​គ្នា​នេះ ដែល​នៅ​កណ្តាល​ពួក​អេប្រា‌អិម និង​ពួក​ម៉ាន៉ាសេ ឯង​ជា​ពួក​ដែល​រត់​ចេញ​ពី​ពួក​អេប្រា‌អិម​ទៅ​ទេ