1 រីឯពួកអេប្រាអិម គេក៏ប្រមូលគ្នា ដើរទៅខាងជើង បន្ទោសដល់យែបថាថា ហេតុអ្វីបានជាឯងទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ឥតហៅយើងឲ្យទៅជាមួយផងដូច្នេះ យើងនឹងដុតផ្ទះឯងឥឡូវ ព្រមទាំងឯងនៅក្នុងផង
2 យែបថាឆ្លើយទៅគេថា អញហើយនឹងពួកអញនេះ មានហេតុទាស់ទែងនឹងពួកកូនចៅអាំម៉ូនជាខ្លាំង អញក៏បានហៅឯងរាល់គ្នាដែរ តែឯងមិនបានជួយអញ ឲ្យរួចពីកណ្តាប់ដៃគេទេ
3 ដូច្នេះ កាលអញឃើញថា ឯងរាល់គ្នាមិនជួយអញទេ នោះអញបានប្រថុយជីវិតចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ក៏បានប្រគល់គេមកក្នុងកណ្តាប់ដៃនៃអញ ចុះហេតុអ្វីបានជាឯងរាល់គ្នាឡើងមកតនឹងអញនៅថ្ងៃនេះដូច្នេះ
4 យែបថាក៏ប្រមូលពួកមនុស្សទាំងប៉ុន្មាននៅស្រុកកាឡាត ទៅតស៊ូនឹងពួកអេប្រាអិម ពួកកាឡាតបានវាយពួកអេប្រាអិម ដោយព្រោះគេថា ពួកកាឡាតឯងរាល់គ្នានេះ ដែលនៅកណ្តាលពួកអេប្រាអិម និងពួកម៉ាន៉ាសេ ឯងជាពួកដែលរត់ចេញពីពួកអេប្រាអិមទៅទេ
5 ពួកកាឡាតក៏ចាប់ស្កាត់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់នៅមុខពួកអេប្រាអិម រួចកាលណាមានពួកអេប្រាអិមដែលរត់រួចបាន គេមកអង្វរថា សូមឲ្យខ្ញុំឆ្លងទៅផង នោះពួកកាឡាតសួរទៅថា តើឯងជាពួកអេប្រាអិមឬអី បើគេឆ្លើយថាទេ
6 នោះពួកកាឡាតបង្គាប់ឲ្យគេចេញពាក្យថា «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត»វិញ ដោយគេធ្វើមាត់ឲ្យចេញខ្យល់នោះមិនត្រូវ នោះក៏ចាប់គេសំឡាប់ទៅ ត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នៅវេលានោះ មានពួកអេប្រាអិមដួលស្លាប់ អស់ចំនួន៤ម៉ឺន២ពាន់នាក់