8 រួចពួកទាំង៥នាក់ក៏ត្រឡប់ទៅឯបងប្អូនគេ ដែលនៅសូរ៉ាស់ និងអែសថោលវិញ បងប្អូនគេក៏សួរថា យ៉ាងម៉េចទៅ
9 គេប្រាប់ថា ចូររៀបចំឡើង លើកគ្នាទៅច្បាំងនឹងគេទៅ ដ្បិតយើងបានឃើញស្រុកគេល្អណាស់ តើនៅព្រងើយដូច្នេះធ្វើអី កុំឲ្យខ្ជិលនឹងចូលទៅចាប់យកស្រុកនោះឡើយ
10 កាលណាចូលទៅដល់ នោះនឹងឃើញពួកមនុស្ស ដែលនៅដោយសុខសាន្ត ស្រុកនោះក៏ធំទូលាយដែរ ដ្បិតព្រះបានប្រគល់ស្រុកនោះ មកក្នុងកណ្តាប់ដៃយើងហើយ គឺជាកន្លែងមិនចេះខ្វះអ្វី ដែលនៅផែនដីនេះ។
11 គ្រានោះ មានមនុស្ស៦០០នាក់ពីវង្សដាន់ ដែលនៅត្រង់សូរ៉ាស់ និងអែសថោល គេលើគ្នាចេញទៅទាំងមានគ្រឿងសឹក
12 ក៏ឡើងទៅបោះទ័ព នៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម
13 ពីទីនោះគេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយក៏មកដល់ផ្ទះមីកា។
14 ឯពួក៥នាក់ ដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស គេក៏ផ្តើមនិយាយទៅបងប្អូនគេថា តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ និងរូបព្រះ ព្រមទាំងរូបឆ្លាក់ និងរូបសិតផងឬទេ ដូច្នេះពិចារណាមើល តើត្រូវធ្វើដូចម្តេច