43 គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត
44 នោះមានពួកបេនយ៉ាមីន១ម៉ឺន៨ពាន់នាក់បានដួលស្លាប់ សុទ្ធតែជាមនុស្សក្លាហាន
45 រួចគេបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដាឈ្មោះរីម៉ូន ហើយពួកម្ខាងក៏វាយសំឡាប់ម្នាក់ៗ រៀងតាមផ្លូវ អស់៥ពាន់នាក់ទៀត ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសំឡាប់បាន២ពាន់នាក់ថែមទៀត
46 បានជាពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មាន២ម៉ឺន៥ពាន់នាក់ សុទ្ធតែជាអ្នកក្លាហានដែលកាន់ដាវគ្រប់គ្នា
47 ប៉ុន្តែ មាន៦០០នាក់ បានងាកបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដារីម៉ូន ក៏ជ្រកនៅក្នុងថ្មដានោះ អស់៤ខែ
48 រួចពួកអ៊ីស្រាអែលគេវិលត្រឡប់ទៅក្រោយ សំឡាប់ពួកកូនចៅបេនយ៉ាមីនដោយមុខដាវ គឺសំឡាប់ទាំងពួកអ្នកនៅទីក្រុងទាំងអស់ និងពួកសត្វ ហើយនឹងរបស់អ្វីៗដែលប្រទះឃើញទាំងអស់ផង រួចគេដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។