1 រីឯសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានទុកនៅ ដើម្បីនឹងល្បងលពួកអ៊ីស្រាអែលដោយសារគេ គឺនឹងល្បងលអស់អ្នក ដែលមិនបានស្គាល់អស់ទាំងចំបាំងនៅស្រុកកាណាន
2 គឺប្រយោជន៍តែឲ្យអស់ទាំងដំណរនៃពួកកូនចៅអ៊ីស្រាអែល បានដឹងប៉ុណ្ណោះ ដើម្បីនឹងបង្រៀនឲ្យគេចេះច្បាំង គឺពួកអ្នកដែលមិនបានធ្លាប់ស្គាល់ចំបាំងកាលពីមុនមក
3 ឯសាសន៍ទាំងនោះ មានមេនៃសាសន៍ភីលីស្ទីនទាំង៥ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត
4 គឺសាសន៍ទាំងនោះហើយ ដែលបានទុកសំរាប់នឹងល្បងលអ៊ីស្រាអែល ឲ្យដឹងជាគេនឹងស្តាប់តាមអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកពួកអយ្យកោគេ ដោយសារម៉ូសេឬទេ
5 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយនឹងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស
6 ហើយបានយកកូនគេធ្វើជាប្រពន្ធ ព្រមទាំងឲ្យកូនស្រីរបស់ខ្លួន ទៅកូនប្រុសរបស់គេ ហើយគោរពប្រតិបត្តិដល់អស់ទាំងព្រះរបស់គេដែរ។
7 ពួកកូនចៅអ៊ីស្រាអែលក៏បានប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គេភ្លេចព្រះយេហូវ៉ា ជាព្រះនៃខ្លួន ទៅជាគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល និងព្រះអាសថារ៉ូតវិញ