10 នោះបារ៉ាកក៏ហៅប្រជុំពួកសាប់យូល៉ូន និងពួកណែបថាលីទាំងប៉ុន្មាននៅត្រង់កេដេស ពេលនោះ មានមនុស្សចំនួន១ម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
11 រីឯហេប៊ើរ ជាសាសន៍កែន ដែលជាពួកកូនចៅហូបាប់ ជាឪពុកក្មេកម៉ូសេ គេបានឃ្លាតចេញពីពួកសាសន៍កែន មកដំឡើងត្រសាលនៅត្រឹមដើមម៉ៃសាក់ស្អាណានីម ដែលនៅជិតកេដេស។
12 ខណៈនោះមានគេទៅជំរាបស៊ីសេរ៉ាថា បារ៉ាកជាកូនអ័ប៊ីណោមបានលើកទ័ព ឡើងទៅឯភ្នំតាបោរហើយ
13 នោះស៊ីសេរ៉ាក៏ប្រមូលអស់ទាំងរទេះរបស់លោក គឺជារទេះដែក៩០០ ព្រមទាំងបណ្តាទ័ព ដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម ទៅដល់ស្ទឹងគីសុន
14 ឯដេបូរ៉ានាងប្រាប់ដល់បារ៉ាកថា ចូរក្រោកឡើង នេះហើយជាថ្ងៃដែលព្រះយេហូវ៉ា ទ្រង់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃអ្នក ព្រះយេហូវ៉ាទ្រង់បានចេញនាំមុខអ្នកទៅហើយ ដូច្នេះបារ៉ាកក៏ចុះពីភ្នំតាបោរនាំមនុស្សទាំង១ម៉ឺននាក់ទៅ
15 ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា និងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក ឯស៊ីសេរ៉ាក៏ចុះពីរទេះខ្លួនរត់រួចទៅ
16 តែបារ៉ាកចេះតែដេញតាមរទេះ និងពួកពលគេទៅរហូតដល់ហារ៉ូសែត-កូយីម នោះពួកពលទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ដល់ម្នាក់ឡើយ។