ចៅហ្វាយ 9:14-20 KHOV

14 រួច​មក​ដើម​ឈើ​ទាំង​នោះ ក៏​ទៅ​សូម​ដល់​គុម្ព​បន្លា​ថា សូម​ឲ្យ​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

15 នោះ​គុម្ព​បន្លា​ឆ្លើយ​ឡើង​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​ពិត នោះ​ចូរ​ឲ្យ​មក​ជ្រក​នៅ​ក្រោម​ម្លប់​ខ្ញុំ​ចុះ ពុំ​នោះ​សោត នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​មក​បញ្ឆេះ​ដល់​ទៅ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង។

16 ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដ៏​ទៀង​ត្រង់​ត្រឹម​ត្រូវ ដោយ​បាន​តាំង​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​ធ្វើ​ជា​ស្តេច បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្អ​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក ហើយ​បាន​សង​គុណ​ដល់​ការ​ដែល​ដៃ​លោក​ធ្វើ

17 ដ្បិត​ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ព្រម​ទាំង​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ផង

18 ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ពួក​គ្រួ​ឪពុក​ខ្ញុំ​វិញ ព្រម​ទាំង​សំឡាប់​កូន​របស់​លោក​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​បាវ​បំរើ​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​បណ្តា​មនុស្ស​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គេ​ជា​សាច់‌ញាតិ និង​អ្នក​រាល់​គ្នា​ដូច្នេះ

19 អើ បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ ហើយ​ស្មោះ‌ត្រង់​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​ប៉ុន្មាន​នៅ​ថ្ងៃ​នេះ នោះ​ចូរ​ឲ្យ​ត្រេក‌អរ​សប្បាយ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិចចុះ ហើយ​ឲ្យ​គេ​បាន​រីក‌រាយ​នឹង​អ្នក​រាល់​គ្នា​ដែរ

20 ពុំ​នោះ​សោត សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ័ប៊ី‌ម៉្មា‌ឡិច មក​បញ្ឆេះ​ពួក​មនុស្ស​នៅ​ស៊ីគែម និង​ពួក​បន្ទាយ​មីឡូរ​ទៅ ហើយ​ក៏​សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​ពួក​មនុស្ស​នៅ​ស៊ីគែម និង​ពួក​បន្ទាយ​មីឡូរ មក​បញ្ឆេះ​អ័ប៊ី‌ម៉្មា‌ឡិច​ដែរ